ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជួបពិភាក្សាការងារជាមួយអនុប្រធានបេសកកម្មស្ថានទូតបារាំងប្រចាំកម្ពុជា

កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានអនុញ្ញាតជូន លោក Fabrice Etenne អនុប្រធានបេសកកម្មស្ថានទូតបារាំងប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ។

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានជម្រាបជូនលោក Fabrice Etenne អំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិងតួនាទីរបស់ក្រុមប្រឹក្សាក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្រ្តនេះ ពិសេសបញ្ចកោណទី១”ការអភិវឌ្ឍមូលធនមនុស្ស” និងបញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព, និងបរិយាបន្ន”។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានថ្លែងការកោតសរសើរអំពីតួនាទីដ៏ចម្បងរបស់បារាំងនៅលើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភ ដែលនេះជាបញ្ហាសកលដ៏គួរឱ្យព្រួយបារម្ភ។

លោក Fabrice Etenne អនុប្រធានបេសកកម្មស្ថានទូតបារាំងប្រចាំកម្ពុជាបានសម្តែងនូវការកោតសរសើរផងដែរចំពោះកម្ពុជាដែលបានខិតខំប្រឹងប្រែង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាបាននូវសន្តិសុខស្បៀង និងលុបបំបាត់នូវអាហារូបត្ថម្ភគ្រប់ទម្រង់សម្រាប់ប្រជាជនរបស់ខ្លួន ដែលនេះជាគំរូដ៏ល្អមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍដទៃទៀត។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកអនុប្រធានបេសកកម្មស្ថានទូតបារាំងប្រចាំកម្ពុជាបានចែករំលែកសុទិដ្ឋិនិយមរួមគ្នាថាបារាំង និងកម្ពុជាអាចធ្វើសហប្រតិបត្តិការជាមួយគ្នាបានលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ ដោយហេតុថាបារាំងជាប្រទេសឈានមុខមួយក្នុងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ស្តីពីបរិវត្តកម្មប្រព័ន្ធស្បៀង៕

Written by 

Related posts

Leave a Comment