ជួរនៃកងឆ្មាំជាតិម៉ិកស៊ិក និងរថយន្តដឹកសម្ភារៈកងទ័ព ត្រូវបានដាក់ពង្រាយតាមព្រំដែនដែលបំបែកទីក្រុង Ciudad Juárez និង El Paso រដ្ឋតិចសាស់ កាលពីថ្ងៃពុធ ក្នុងចំណោមកងកម្លាំងដំបូងចំនួន ១០,០០០ នាក់ ដែលអាជ្ញាធរម៉ិកស៊ិក បញ្ជូនទៅព្រំដែនភាគខាងជើងរបស់ខ្លួន បន្ទាប់ពីការគំរាមកំហែងពន្ធដោយលោកប្រធានាធិបតី Donald Trump ។

សមាជិកឆ្មាំជាតិពាក់ម៉ាស់ និងប្រដាប់ដោយប្រដាប់អាវុធ បានធ្វើការល្បាត និងយាមកាម យ៉ាងយកចិត្តទុកដាក់ នៅតាមទីតាំងដែលឈរជើង។
ការដាក់ពង្រាយនេះ កើតឡើង បន្ទាប់ពីបទបញ្ញត្តិដ៏ច្របូកច្របល់របស់ លោក Trump ដែលប្រកាសថាលោក នឹងពន្យារពេលការដាក់ពន្ធលើប្រទេសម៉ិកស៊ិកយ៉ាងហោចណាស់ ១ ខែ។ ជាថ្នូរនឹងគ្នា លោកស្រីប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum ក៏បានបញ្ជាឲ្យមានការបញ្ជូនកងទ័ពទៅពង្រឹងស្ថានភាពតាមព្រំដែន ។
លោក Trump បានប្រកាសភាពអាសន្ននៅតាមព្រំដែន បើទោះបីជាកម្រិតនៃការធ្វើចំណាកស្រុក ធ្លាក់ចុះយ៉ាងខ្លាំង កាលពីឆ្នាំមុន ក៏ដោយ។
គួរបញ្ជាក់ថា ទន្ទឹមនឹង ប្រតិបត្តិការបោសសម្អាតជនចំណាកស្រុក លោក Trump ក៏បានចេញបទបញ្ជាឲ្យមានការដាក់ពន្ធលើប្រទេសម៉ិកស៊ិក កាណាដា និងចិន ផងដែរ៕

ដោយ៖ ពេជ្រ