ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិងកំពុងទទួលការរិះគន់យ៉ាងខ្លាំង ខណដែលលោកនិយាយថា សហរដ្ឋអាមេរិកគួរតែកាន់កាប់ តំបន់ Gaza និងផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនឲ្យទៅនៅកន្លែងផ្សេងទៀត។ ការលើកទ្បើងបែបនោះធ្វើឲ្យលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ធ្វើការស្តីបន្ទោសយ៉ាងខ្លាំង។

នៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធម្សិលមិញ លោក Guterres បានលើកទ្បើងថា “ក្នុងការស្វែងរកដំណោះស្រាយ យើងមិនត្រូវធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរនោះទេ។ លោកបន្តថា វាសំខាន់ណាស់ក្នុងការរក្សាការពិតទៅនឹងមូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយចាំបាច់ណាស់ក្នុងការជៀសវាងរាល់ទម្រង់នៃការបោសសម្អាតជនជាតិភាគតិច”។
ទន្ទឹមនោះ ការលើកទ្បើងរបស់លោក Trump ក៏ត្រូវបានច្រានចោលនិងរិៈគន់យ៉ាងចាស់ដៃផងដែរពីមេដឹកនាំនយោបាយទូទាំងមជ្ឈិមបូព៌ា។
ក្រុមហាម៉ាស់បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកទ្បើងថាខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយកាន់កាប់ ឬ ដាក់អាណានិគមនៅក្នុងតំបន់នោះជាដាច់ខាត។
អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានលើកទ្បើងថា យើងប្រឆាំងនឹងការកាន់កាប់ណាមួយមិនថាការកាន់កាប់របស់អ៊ីស្រាអែល ឬការកាន់កាប់របស់អាមេរិក ចំពោះទឹកដីប៉ាឡេស្ទីនទ្បើយ។ ចំណែក ហ្ស៊កដានី និងអេហ្ស៊ីបបានច្រានចោលគម្រោងការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីន ហើយអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតាក៏បានសម្តែងការប្រឆាំងផងដែរ។

ការលើកឡើងបែបនេះរបស់ប្រធានាធិបតីអាមេរិក បានទាក់ទាញការថ្កោលទោសនៅក្រៅមជ្ឈិមបូព៌ាផងដែរ។ ថ្លែងអំពីជនជាតិប៉ាឡេស្ទីនកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmerបានថ្លែងថា ពួកគេត្រូវតែត្រូវបានអនុញ្ញាតឱ្យមានផ្ទះសម្បែងនៅទីនោះ។ពួកគេត្រូវតែត្រូវបានអនុញ្ញាតឱ្យសាងសង់ផ្ទះសម្បែងឡើងវិញ ហើយយើងគួរតែនៅជាមួយពួកគេក្នុងការកសាងឡើងវិញនោះ តាមផ្លូវឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា”យើងប្រឆាំងនឹងការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជននៅតំបន់ហ្គាហ្សា ហើយសង្ឃឹមថាភាគីពាក់ព័ន្ធនឹងទទួលយកបទឈប់បាញ់ និងអភិបាលកិច្ចក្រោយសង្គ្រាម ជាឱកាសមួយដើម្បីធ្វើឱ្យបញ្ហាប៉ាឡេស្ទីនត្រឡប់មកវិញលើផ្លូវត្រូវ”។
ប្រធានខុទ្ទកាល័យជប៉ុន លោក Hayashi Yoshimasa បាននិយាយថា ក្រុមមន្ត្រីនៅទីក្រុងតូក្យូបានដឹងអំពីការលើកឡើងនេះ។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសលោកក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា៕

ដោយ៖ ពេជ្រ