​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញានឹងជួយជំរុញឱ្យមានការ​ហោះ​ហើរ​ត្រង់កម្ពុជា-ជប៉ុន ឡើងវិញ នាពេលឆាប់ៗខាងមុខ

ខេត្តកណ្តាល៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានសន្យាថា នឹងជំរុញនិងបន្តធ្វើការងារ ជាមួយក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុននេះ ធ្វើការហោះហើរត្រង់កម្ពុជា-ជប៉ុនឡើងវិញ នាថ្ងៃអនាគតឆាប់ៗ ខណៈក្រុមហ៊ុនអាកាសចរណ៍នេះ បានផ្អាកការហោះហើរត្រង់រវាងប្រទេសទាំងពីរ នៅអំឡុងពេលមានការរាតត្បាតពីជំងឺកូវីដ-១៩។   លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូអ្នករកស៊ី ទាំងនៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសជប៉ុនជាង១២០នាក់ មកពី៥៨ក្រុមហ៊ុន អញ្ជើញទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។   លោក ឆារស៍ វ៉ាន់ បានបញ្ជាក់ថា តាមរយៈទស្សនកិច្ចរបស់ឯកអគ្គរាជទូតជប៉ុននាព្រឹកនេះ, លោកមានសុទិដ្ឋិនិយមថា ការហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន នឹងចាប់ផ្តើមឡើងវិញឆាប់ៗ នៅពេលអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះ សម្ពោធដាក់ឱ្យដំណើរការ។   ក្រោយពីបានទស្សនកិច្ច, ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងគណៈប្រតិភូទាំងអស់ បានសម្តែងក្តីរំភើបជាខ្លាំង ចំពោះសមិទ្ធិផលអាកាសយានដ្ឋានអន្តរជាតិខ្នាត 4F ដោយបានកត់សម្គាល់ឃើញថា ការសាងសង់នេះ មាន លក្ខណៈ ប្លែកច្រើន និងឃើញថា ជាការសាងសង់មួយ ក្នុងទំហំធំពុំធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។ 

ឱកាសនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានបង្ហាញការចាប់អារម្មណ៍ លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។ ក្នុងន័យនេះ ក្រុមការងាររបស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋាន បាននិងកំពុងធ្វើការងារជាមួយមន្ត្រីស្ថានទូត ដើម្បីធ្វើការងារលើការដឹកជញ្ជូនតាមផ្លូវអាកាស នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោនេះ នាពេលខាងមុខ។   លោក ឆារស៍ វ៉ាន់ បានបញ្ជាក់ថា គិតរហូតដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ដំណាក់កាលទី១ បានប្រមា ណ៩០ ភា គ រយហើយ ពោលគឺដើរតាមផែនការ ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។   សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍន៍ជា៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ១.៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះនោះទេ។   អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេ នៅតំបន់អាស៊ី៕

Written by 

Related posts

Leave a Comment