Neymar បានស្រក់ទឹកភ្នែកនៅពេលដែលត្រូវបានស្វាគមន៍ក្នុងការត្រលប់ទៅក្លឹបកុមារភាពរបស់គេវិញកាលពីថ្ងៃសុក្រដោយអ្នកគាំទ្រ Santos រាប់ពាន់នាក់ និងការប្រគុំតន្ត្រីក្នុងកីឡដ្ឋានក្រោមផ្លាកសញ្ញាអេឡិចត្រូនិកថា ” Neymar ត្រលប់មកវិញហើយ” ។
ជាមួយគ្នានោះដែរកីឡាករវ័យ ៣២ ឆ្នាំរូបនេះក៏បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ ខែជាមួយនឹងជម្រើសបន្តទៀត។ ការចុះកិច្ចសន្យានេះមានន័យថា Neymar នឹងកាត់បន្ថយប្រាក់ឈ្នួល ៩៩ ភាគរយ។ រូបគេរកបានប្រាក់ឈ្នួលត្រឹម ៣៨,០០០ អឺរ៉ូ ក្នុងមួយសប្តាហ៍ជាមួយក្លិបកាលពីកុមារភាព ខណៈអំឡុងពេលនៅ Al-Hilal រកបានដល់ទៅ ៣ លានអឺរ៉ូក្នុងមួយសប្តាហ៍។
ក្រោយចុះកិច្ចសន្យា Neymar បានសារភាពថាការត្រលប់មកវិញរបស់គេក៏ដោយសារតែអារម្មណ៍របស់គេមិនសប្បាយចិត្តនៅក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីតកាលពីដើមឆ្នាំនេះ ខណៈដែលគាត់ពិបាករកពេលវេលាលេង។ Neymar បាននិយាយថាគេនឹងត្រៀមខ្លួនជាស្រេចដើម្បីលេងឱ្យ Santos យ៉ាងហោចណាស់ ៣០ នាទីនៅក្នុងការប្រកួតដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍ ប្រសិនបើគេត្រូវបានផ្តល់អោយដោយគ្រូបង្វឹកក្លិប៕