ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដកប្រទេសរបស់គាត់ចេញពីអង្គការសុខភាពពិភពលោកបានបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ។
លោក Trump បានធ្វើការផ្លាស់ប្តូរការសម្រេចចិត្តបែបនោះតាមរយៈបទបញ្ជាប្រតិបត្តិកាលពីថ្ងៃចន្ទភ្លាមៗបន្ទាប់ពីបានស្បថចូលកាន់តំណែង។ បញ្ហានោះវាគឺជាបទបញ្ជាមួយក្នុងចំណោមការបញ្ជាជាច្រើនទៀតក្នុងចំណោមបញ្ជាជាង ៤០ ដែលគាត់បានចុះហត្ថលេខា ខណដែលបញ្ជាមួយចំនួនបានផ្លាស់ប្តូរគោលនយោបាយរបស់អតីតប្រធានាធិបតី Joe Biden ទាំងស្រុងតែម្តង។
មន្ត្រី WHO បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយសម្តែងនូវការសោកស្តាយក្នុងការសម្រេចចិត្តនេះ ហើយថា WHO និងសហរដ្ឋអាមេរិក បានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងការពារប្រជាជនអាមេរិក និងប្រជាជនទាំងអស់ពីការគំរាមកំហែងខាងសុខភាព។យ៉ាងណាក៏ដោយ WHO បង្ហាញនូវក្តីសង្ឃឹមថាសហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញលើបញ្ហានេះ ហើយខ្លួននឹងរង់ចាំ ការចូលរួមក្នុងកិច្ចសន្ទនាបែបស្ថាបនាដើម្បីរក្សាភាពជាដៃគូរបស់ពួកគេ។
មេដឹកនាំនៅអឺរ៉ុបបានសម្តែងការព្រួយបារម្ភផងដែរកាលពីថ្ងៃអង្គារ។ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប Eva Hrncirova បាននិយាយថា យើងមានការព្រួយបារម្ភអំពីការប្រកាសដកខ្លួនចេញពីអង្គការ WHO ដោយសហរដ្ឋអាមេរិក ហើយយើងជឿជាក់ថារដ្ឋបាលអាមេរិកនឹងពិចារណាលើអ្វីៗទាំងអស់នេះ មុនពេលការដកជាផ្លូវការ។
អង្គការសហប្រជាជាតិកំពុងជំរុញឱ្យ Trump កុំធ្វើតាមការសន្យាមួយទៀត ខណអង្គការនេះចង់ឱ្យគាត់រក្សាវត្តមានសហរដ្ឋអាមេរិកនៅក្នុងក្របខ័ណ្ឌអាកាសធាតុដ៏មានសារសំខាន់ ហើយដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងប៉ារីស។
លោក Simon Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបាននិយាយថា “ទ្វារនៅតែបើកចំហចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយយើងស្វាគមន៍ការចូលរួមក្នុងន័យស្ថាបនាពីគ្រប់ប្រទេស៕
ដោយ៖ ពេជ្រ