យោធាកូរ៉េខាងត្បូង បានកត់ត្រាពីការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញមកពីប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៍មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។
ការបាញ់នេះ កើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានការរាយកាណ៍ពីការបាញ់មីស៊ីលដែលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន ។
ខណដែលសារព័ត៌មាន News1 ក្នុងស្រុកមួយផ្សេងទៀត បានបញ្ជាក់ថា ការបាញ់នេះអាចជាប្រភេទគ្រាប់ផ្លោង ។
កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលជាលើកដំបូងរបស់ខ្លួន នៅឆ្នាំនេះ កាលពីថ្ងៃទី៦ ខែមករា ដែលជាប្រភេទលឿនជាងសំឡេង។
ការបាញ់បង្ហោះដោយជោគជ័យនេះ លោក គីម ជុងអ៊ុន បាននិយាយភ្លាមៗនោះថា មីស៊ីលល្បឿនលឿនជាងសំឡេងថ្មីនេះ បង្កើតឡើងក្នុងគោលបំណងការការពារខ្លួន។
ស្របពេលដែលកាលពីថ្ងៃទី៩ ខែមករា តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានលើកឡើងថា សមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅជិតព្រំដែនកូរ៉េខាងជើង គឺជាការបំពានដោយចេតនាលើច្បាប់អន្តរជាតិ៕
ដោយ៖ ពេជ្រ