សមាជិកសភាកូរ៉េខាងត្បូងមួយរូប បានឲ្យដឹង នៅថ្ងៃចន្ទនេះ ដោយដកស្រង់ព័ត៌មានពីទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលថា ទាហានកូរ៉េខាងជើង ប្រហែល ៣០០ នាក់ស្លាប់ និង ២៧០០ នាក់រងរបួស ក្នុងសង្គ្រាមរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។
កន្លងមក ទីក្រុងសេអ៊ូល ធ្លាប់បានអះអាងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជូនទាហានជាង ១០,០០០ នាក់ ទៅរុស្ស៊ី ដើម្បីជួយទីក្រុងមូស្គូ ប្រយុទ្ធប្រឆាំងនឹងទីក្រុងគៀវ ជាថ្នូរនឹងជំនួយបច្ចេកទេសសម្រាប់កម្មវិធីអាវុធ និងផ្កាយរណបដែលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ។
ទន្ទឹមនោះ កាលពីចុងសប្តាហ៍ កន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់ពីការ ចាប់ទាហានកូរ៉េខាងជើង ២ នាក់ ដោយបញ្ចេញវីដេអូនៃការសួរចម្លើយ និងបង្កើនលទ្ធភាពនៃការដោះដូរអ្នកទោសសម្រាប់ទាហានអ៊ុយក្រែនដែលចាប់ខ្លួន ។
សមាជិកសភា លោក Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសន្និសីទខ្លីមួយពីទីភ្នាក់ងារចារកម្មថា ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីត្រូវគេរាយការណ៍ថាជាការពង្រីកដើម្បីរួមបញ្ចូលតំបន់ Kursk ជាមួយនឹងការប៉ាន់ប្រមាណថាអ្នកស្លាប់ក្នុងចំនោមកងកម្លាំងកូរ៉េខាងជើងមានលើសពី ៣,០០០ នាក់ ។
លោក Lee បានលើកឡើង បន្ទាប់ពីសន្និសីទខ្លីមួយពីសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូលថា នេះរាប់បញ្ចូលទាំងអ្នកស្លាប់ប្រហែល ៣០០ នាក់ និងរបួស ២,៧០០ នាក់ ផងដែរ។
គួរបញ្ជាក់ថា កន្លងមក កូរ៉េខាងជើង អះអាងពីការបញ្ជូនទាហានទៅចូលរួមហ្វឹកហ្វឺននៅប្រទេសរុស្ស៊ី ដែលគេជឿថាជាថ្នូរសម្រាប់ការទាក់ទាញការគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់លោក គីម ជុងអ៊ុន៕
ដោយ៖ ពេជ្រ