ផ្លូវ១ខ្សែប្រវែង១៩គីឡូទៅរមណីយដ្ឋានអូរស៊ិនលែរ៍ បានរងការខូចខាតយ៉ាងដំណំ

ខេត្តរតនគិរី÷ ផ្លូវលំ១ខ្សែនេះតភ្ជាប់ពីរមណីយដ្ឋានបឹងយក្ខឡោម ឆ្ពោះទៅកាន់រមណីយដ្ឋានអូរស៊ិនលែរ៍(ហៅទឹកធ្លាក់៧ជាន់)ដែលមានប្រវែងប្រមាណជា ១៩គីឡូម៉ែត្រ ហើយបច្ចុប្បន្នផ្លូវ១ខ្សែបានខូចខាតយ៉ាងដំណំ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការរអ៊ូ រទាំ ពិបាកក្នុងការធ្វើដំណើរទៅមក ជាពិសេស ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទៅទស្សនាកម្សាននៅរមណីយដ្ឋានអូរស៉ិនលែរ៍។ (នេះបើតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលំ១ខ្សែនេះ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ដល់ខែវស្សាធ្វើដំណើរតាមម៉ូតូជិះទៅមុខមិនរួច គឺរអិលខ្លាំង មានតែចុះបណ្ដើរម៉ូតូទេទើបធ្វើដំណើរទៅមុខបាន ហើយសិស្សសាលាពិបាកក្នុងការធ្វើដំណើរទៅសាលារៀន ជួនកាលក៏មានខកចូលរៀនក៏មានដែរ។

   ប្រជាពលរដ្ឋបើចង់មកទីផ្សារបានលុងម្ដងៗដើម្បីទិញរបស់របរអីវ៉ាន់យកមកលក់ដូរ ឬក៏មកទិញថ្នាំពេទ្យធ្វើដំណើរជាច្រើនម៉ោងបានមកដល់។

     ប៉ុន្តែផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់ ក្នុងការដឹកជញ្ជូនកសិផលនានារបស់ប្រជាជននៅក្នុងមូលដ្ឋាន ដើម្បីនាំទៅលក់នៅក្រៅប្រទេស ឬនៅក្នុងស្រុក ហើយផ្លូវ១ខ្សែនេះដែរ សម្រាប់ភ្ញៀវទេសចរណ៍ចូលមកលេងទស្សនាកំសាន្តនៅរមណីយដ្ឋានអូរស៉ិនលែរ៍(ទឹកធ្លាក់៧ជាន់) ដោយឃើញផ្លូវពិបាកធ្វើដំណើរចូលមកលេង បើក្នុងខែប្រាំងដីហុយខ្លាំង មានក្រឡុកក្បាលថ្មធំៗជាច្រើន ដល់ពេលខែវស្សាវិញ បើករថយន្តទៅមុខមិនរួចជាប់ផុងពាក់កណ្តាលផ្លូវ។

ហើយអ្នកធ្វើដំណើរតាមម៉ូតូក៏ជិះទៅមិនរួចដែរ នាំគ្នាចុះបណ្ដើររហូតមកដល់ផ្លូវមិនមានបែកភក់ មិនដឹងឆ្នាំណាបានផ្លូវល្អធ្វើដំណើរនោះទេ។

ចំណែកលោក កិត ចេម មេឃុំប៉ាតាង បានឲ្យដឹងតាមប្រព័ន្ធតេលេក្រាម កាលពីថ្ងៃទី៨មករាថា ប្រជាជនដែលបានប្រើប្រាស់ផ្លូវ១ខ្សែអមសងខាងនេះ ស្ថិតនៅត្រង់ចំណុចភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ដែលមានស្ថិតិប្រជាជនរស់នៅតាមផ្លូវ១ខ្សែនេះប្រមាណជា ៥១៩គ្រួសារ។

ប្រជាជនដែលមានប្រកបមុខរបរកសិកម្មដាំដំណាំ ដូចជា ចម្ការកៅស៊ូ ចម្ការស្វាយចន្ទី ចម្ការម្រេច ដាំដំណាំវិលជុំ ដំឡូងមី នឹងស្រូវរបស់បងប្អូនជនជាតិដើមភាគតិច បានផលទាំងនោះប្រមូលយកទៅលក់នៅប្រទេសជិតខាង ឬក៏នៅក្នុងស្រុក។

ដោយឡែកលោក ម៉ុក គៀង ប្រធានសហគមន៍រមណីយដ្ឋានអូរស៉ិនលែរ៍ បានឲ្យដឹងតាមប្រព័ន្ធទូរសព្ទកាលពីរសៀលថ្ងៃទី៨មករានេះ ថា បញ្ហាភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ ចូលមកទស្សនាដើរកម្សាន្តមានតិចតួចខ្លាំងណាស់ ដោយសារតែផ្លូវពិបាកចូលមកចាប់ពីរមណីយដ្ឋានបឹងយក្ខឡោម រហូតមកដល់រមណីយដ្ឋានអូរស៉ិនលែរ៍(ហៅទឹកធ្លាក់៧ជាន់)ស្ថិតក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

លោកប្រធានសហគមន៍រូបនេះបានបញ្ជាក់ថា ផ្លូវ១ខ្សែនេះពិបាកក្នុងការធ្វើដំណើរ អស់រយៈពេល ២ទៅ ៣ឆ្នាំមកហើយ មិនមានភ្ញៀវទេសចរណ៍ណាចង់ចូលមកដើរលេងកម្សាននៅរមណីយដ្ឋានមួយនេះទេ ដោយសារផ្លូវពិបាកចូលមកដើរលេង បើខែប្រាំងវិញដីហុយ មានគ្រលុកជាច្រើន ហើយធ្វើដំណើរតាមរថយន្តរលាក់ខ្លាំង ស្ទើរតែទ្រាំមិនបានទៅហើយ។ ដល់ពេលខែវស្សាធ្វើដំណើរតាមផ្លូវ១ខ្សែនេះមិនកើតមានតែដាក់ច្រវ៉ាក់កង់រថយន្ត នឹងកង់ម៉ូតូទើបអាចធ្វើដំណើរទៅមុខបាន ហើយអ្នករួមដំណើរជាមួយចុះដើរជាច្រើនគីឡូទើបដល់ដីល្អមិនមានបែកភក់។

លោកថា បើជនបរទេសគាត់ចង់មកដើរលេងនៅតំបន់រមណីយដ្ឋានអូរស៉ិនលែរ៍នេះ ជាមធ្យោបាយធ្វើដំណើរតាមម៉ូតូ ហើយភ្ញៀវទេសចរណ៍ជាតិចូលមកលេងក្នុង១ខែប្រមាណជា ៣% ភ្ញៀវបរទេសបានតិចតួចខ្លាំងណាស់ ជាកត្តាទាំងនេះហើយធ្វើឲ្យភ្ញៀវទេសចរណ៍ចូលមកតំបន់រមណីយដ្ឋានអូរស៉ិនលែរ៍នេះមានការធ្លាក់ចុះខ្លាំង។

ទាក់ទិនបញ្ហាខាងលើនេះលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី កាលពីរសៀលថ្ងៃទី៨មករានេះ ទូរសព្ទទៅលោកជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល ហើយក៏បានឆាតទៅលោកតាមប្រព័ន្ធតេលេក្រាមបន្តទៀត ប៉ុន្តែលោកប្រធានមិនបានចូលមើលនោះឡើយ៕

Written by 

Related posts

Leave a Comment