Trump ឲ្យចិន ដកខ្លួនពីការប៉ុនប៉ងដណ្ដើមយកព្រែកជីកប៉ាណាម៉ា

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានថា លោក នឹងមិនអនុញ្ញាតឱ្យចិន គ្រប់គ្រងព្រែកជីកប៉ាណាម៉ានោះទេ។

លោក Trump បាននិយាយថា ចិន ផ្ដល់ប្រាក់ក្នុងតម្លៃ ១ ដុល្លារ ហើយសន្យាដំឡើងថ្លៃបន្ថែមទៀត ដើម្បីកាន់កាប់់ព្រែកជីកនេះ ពេញសិទ្ធិ។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិក អាចគ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ ប្រសិនបើលក្ខខណ្ឌនៃការប្រើប្រាស់បច្ចុប្បន្នមិនត្រូវចរចាឡើងវិញ។

លោក​ ក៏បាន​រិះគន់​ការ​យក​ពន្ធ​ខ្ពស់​សម្រាប់​ការ​ឆ្លងកាត់​ព្រែកជីកនេះ ហើយ​​ទទូច​ថា​​របៀបនៃការគ្រប់គ្រង​ព្រែក​ កាលពី​ឆ្នាំ ១៩៩៩ គឺជា​ទង្វើ​នៃ​កិច្ចសហប្រតិបត្តិការ​មិនមែន​សម្បទាន​នោះ​ទេ​។

ទន្ទឹមនោះ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានលើកឡើងថា អធិបតេយ្យភាពព្រែកជីក និងឯករាជ្យភាពរបស់ប្រទេសនេះ មិនអាចចរចាទេ។

គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩១៤ ដែលសាងសង់ដោយសហរដ្ឋអាមេរិក និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនផងដែរ។ នៅឆ្នាំ ១៩៧៧ សន្ធិសញ្ញា Torrijos-Carter បានផ្ទេរព្រែកជីកនេះទៅឲ្យប្រទេសប៉ាណាម៉ា នៅឆ្នាំ ១៩៩៩ ។ សន្ធិសញ្ញានេះ បានបង្កើតអព្យាក្រឹតភាពនៃព្រែកជីក និងលទ្ធភាពប្រើប្រាស់សម្រាប់ពាណិជ្ជកម្មពិភពលោក។

សព្វថ្ងៃនេះ ព្រែកជីកនេះ នៅតែជាផ្លូវដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក និងជាគោលដៅសំខាន់មួយនៃផលប្រយោជន៍របស់សហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment