សម្ដេច ហ៊ុន សែន ជំរុញឱ្យធ្វើច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជា ពួកភេរវករ

ថ្លែងនៅក្នុងពិធីអបអរខួប ៤៦ ឆ្នាំទិវាជ័យជម្នះ ៧ មករា នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាបានជំរុញឱ្យធ្វើច្បាប់មួយដើម្បីដាក់ក្រុមជ្រុលនិយមដែលមានបំណងបង្កអសន្តិសុខ បង្កើតសង្គ្រាម ជាពួកភេវករ ដើម្បីថែរក្សាសន្ដិភាព ទប់ស្កាត់ការកើតឡើងវិញនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការប្ដេជ្ញាទប់ស្កាត់ការដណ្ដើមអំណាចដែលបំពានរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ ដោយថាទោះកម្ពុជាមានសន្តិភាព២៦ឆ្នាំក្ដី តែស្ថានភាពនៅតែផុយស្រួយដោយសារតែពួកជ្រុលនិយមនៅតែមានបំណងញុះញង់ពលរដ្ឋ និងមន្ត្រីរាជការក្រោកឡើងប្រឆាំងរដ្ឋ។

សម្ដេចបញ្ជាក់ថា វាដល់ពេលហើយដែលយើងត្រូវកសាងច្បាប់ និងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាជ្រុលនិយមបង្កភាពវឹកវរបង្កអសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃនិងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់គឺជាភារវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោសដើម្បីការពារសន្ដិភាព។

សម្ដេចបានបន្ថែមថា ចាប់ពីពេលនេះកម្ពុជាត្រូវការ ការបោះជំហានទៅរកប្រទេសជឿនលឿនដែលត្រូវដំណើរការវែងឆ្ងាយបន្តទៀតដោយមិនត្រូវឱ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ជាថ្មីនោះទេ៕

Written by 

Related posts

Leave a Comment