អ្នកនាំពាក្យយោធានៃចលនានេះ លោក Yahya Saree បានឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន ធ្វើការវាយប្រហារដោយមីស៊ីល និងដ្រូនរួមគ្នា លើនាវាផ្ទុកយន្តហោះ USS Harry Truman នៅសមុទ្រក្រហម ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា កងកម្លាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់យេម៉ែន ធ្វើប្រតិបត្តិការយោធារួមគ្នា ដោយវាយប្រហារលើនាវាផ្ទុកយន្តហោះ USS Harry Truman នៅតំបន់ភាគខាងជើងនៃសមុទ្រក្រហម ជាមួយនឹងមីស៊ីលនាវា ២ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿង ។
យោងតាម លោក Saree បានបញ្ជាក់ថា ការវាយប្រហាររបស់ហ៊ូធី ស្របពេលដែលក្រុមនាវាផ្ទុកយន្តហោះអាមេរិក កំពុងរៀបចំវាយប្រហារលើទឹកដីយេម៉ែន ។
ទន្ទឹមនោះ លោក ក៏បានបន្ថែមថា ប្រតិបត្តិការនេះ នឹងធ្វើឲ្យរំខានដល់ការវាយប្រហារណាមួយពីសំណាក់កងកម្លាំងសហរដ្ឋអាមេរិក ផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ក្រុមហ៊ូធី បានព្រមានថា ពួកគេនឹងបើកការវាយប្រហារលើទឹកដីក្រុងយេរ៉ូសាឡឹម ខណពេលដែលរារាំងនាវាពាក់ព័ន្ធជាមួយរដ្ឋជ្វីហ្វ មិនឱ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ទីក្រុង Tel Aviv បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីន Hamas នៅក្នុងតំបន់ដែលប្រយុទ្ធ ៕
ដោយ៖ ពេជ្រ