ប្រកាសកែសម្រួលសមាសភាពមន្រ្តីមួយចំនួននៅតាមស្ថានីយជញ្ជីងអចល័តចំនួន ៥ទីតាំង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសកែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ៥ទីតាំង រួមមានស្ថានីយជញ្ជីងអចល័ត ព្រែកឯង រាជធានីភ្នំពេញ ស្ថានីយជញ្ជីងអចល័ត ក្រសាំង ខេត្តកណ្តាល ស្ថានីយជញ្ជីងអចល័ត ស្ទឹងច្រាល ខេត្តព្រះសីហនុ ស្ថានីយជញ្ជីងអចល័ត ប្រាសាទ ខេត្តកំពង់ធំ និងស្ថានីយជញ្ជីងអចល័ត ឃ្លាំងមឿង ខេត្តពោធិ៍សាត់។

មន្ត្រីក្រសួងបានបញ្ជាក់ថា គោលបំណងនៃការកែសម្រួលសមាសភាពមន្រ្តីនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលលើសទម្ងន់កម្រិតកំណត់ គឺដើម្បីពង្រឹងយន្តការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសដល់មន្ត្រីអាចផ្លាស់ប្តូរ ចែករំលែកនិងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត។ 

ទន្ទឹមនឹងនេះ មន្ត្រីរបស់ក្រសួង ដែលបានកែសម្រួលផ្លាស់ទៅទីតាំងស្ថានីយថ្មី ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវ តាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះ ដែលបំពេញតួនាទីភារកិច្ចក្នុងស្ថានីយជញ្ជីង អចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ រួមទាំងសេចក្តីណែនាំលេខ១២២ សណន.លគសអ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្រ្តីស្ថានីយត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវ។

     យ៉ាងណាក៏ដោយការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា បន្ទាប់ពីសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីភាពមិនប្រក្រតីរបស់មន្ត្រីនៅតាមស្ថានីយ៍ថ្លឹងរថយន្តដែលតែងតែទទួលយកនូវលាភសក្ការៈពីម្ចាស់យាន្តយន្តដឹកលើសទម្ងន់ជាបន្តបន្ទាប់ ហើយមិនខ្វល់ពីផលប៉ះពាល់បង្កដោយយានយន្តដឹកលើសទម្ងន់៕

Written by 

Related posts

Leave a Comment