ខេត្តរតនគិរី៖ លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី បានមានប្រសាសន៍ថា បញ្ហាគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដែលប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយវឌ្ឍនភាពទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្នាក់ខេត្តដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំនៃមន្ទីរផែនការខេត្តរតនគិរី។
ក្នុងឱកាសនេះដែរ លោក មួង ប៉ាង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រនិងបានចាត់ទុកថា កម្មវិធីនេះជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយជម្រុញល្បឿន ការកាត់បន្ថយភាពក្រីក្រ ឲ្យបានឆាប់រហ័ស និងឈានទៅការលុបបំបាត់ភាពក្រីក្រ ជាពិសេសនៅតាមតំបន់ជនបទដែលមានភាពក្រីក្រកម្រិតខ្ពស់។
ដើម្បីឲ្យដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យនៅតាមភូមិ, ឃុំ, សង្កាត់ ប្រព្រឹត្តទៅមានភាពរលូននិងទទួលបានលទ្ធផលល្អមានភាពសុក្រឹត្យ។
លោក មួង ប៉ាង បានផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គប្រជុំត្រូវយកចិត្តទុកដាក់សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរក្រុង, ស្រុក ត្រូវផ្សព្វផ្សាយបន្ថែមទៀតដល់ក្រុមប្រឹក្សាឃុំ, សង្កាត់ មេភូមិ សូមដាក់បញ្ចូលកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំប្រចាំសប្តាហ៍ ឬប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងផ្តល់ការណែនាំដល់អ្នកពាក់ព័ន្ធដើម្បីធានាឲ្យការអនុវត្តត្រឹមត្រូវតាមនីតិវិធី។
ជម្រុញបន្ថែមទៀតដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិឲ្យពិនិត្យមើលគ្រប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាតពិតប្រាកដ និងជាក់ស្តែង ដើម្បីណែនាំ និងពន្យល់ពួកគាត់ឲ្យស្នើសុំបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យមកក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីធ្វើការសំភាសន៍ទៅតាមនិតិវិធី និងបច្ចេកទេសដែលមានស្រាប់។
ដូច្នេះសូមលោក លោកស្រីផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជាមួយក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមឃុំ សង្កាត់ និងថ្នាក់ខេត្ត ដើម្បីឲ្យដំណើរការនេះ នៅតាមឃុំ សង្កាត់នីមួយៗ ទទួលបានជោគជ័យ៕