នៅវេលាម៉ោង៨៖០០នាទីយប់នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវតតាំងជាមួយក្រុមកំពូលតារាងម្ចាស់ផ្ទះថៃ ក្នុងជំនួបបិទពូល A នៃពានរង្វាន ASEAN Mitsubishi Electric Cup 2024 នាកីឡដ្ឋាន RAJAMANGALA ប្រទេសថៃ។
ការប្រកួតនេះក្រុមគោព្រៃកម្ពុជា ត្រូវការឈ្នះថៃ ដាច់ខាត ដើម្បីអ៊ុតឱកាសឡើងជុំបន្ទាប់ ប៉ុន្តែរងចាំអ៊ុតលទ្ធផលរវាងក្រុមម៉ាឡេស៊ី និងសិង្ហបុរីដែរ ស្របពេលក្រុមដំរីសឹកបានឡើងទៅវគ្គបន្តរួចហើយ។ យោងតាមពិន្ទុក្នុងពូល A សិង្ហបុរី មាន៦ពិន្ទុ កម្ពុជា និងម៉ាឡេស៊ី មាន៤ពិន្ទុដូចគ្នា។
ដូច្នេះការប្រកួតបិទពូលនៅយប់នេះ លក្ខខណ្ឌដែលក្រុមគោព្រៃកម្ពុជា អាចឡើងទៅជុំបន្ទាប់បាន លុះត្រាស៊ីថៃ ២-០ ហើយម៉ាឡេស៊ី ឈ្នះសិង្ហបុរី ១-០ តែបើសិង្ហបុរី ឈ្នះម៉ាឡេស៊ី វិញនោះអ្វីៗនឹងត្រូវបញ្ចប់ ខណៈលក្ខខណ្ឌមួយទៀត បើកម្ពុជា ស៊ីថៃ ហើយ សិង្ហបុរី ស្មើ ម៉ាឡេស៊ី និងមានការគិតគណនាគ្រាប់បាល់ចំណេញរវាងកម្ពុជា និង សិង្ហបុរី ។ ដូច្នេះសង្ឃឹមថា កម្ពុជា នឹងធ្វើបានល្អនៅយប់នេះ៕