ចលនាហាម៉ាស បានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអនុម័តដើម្បីគាំទ្រផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់តំបន់ហ្គាហ្សា ដោយថាវាមិនបម្រើផលប្រយោជន៍ដល់ប្រជាជនប៉ាឡេស្ទីនទេ។

ក្រុមហាម៉ាស បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីសម្រេចនេះ មិនស្របតាមការទាមទារ, សិទ្ធិនយោបាយ និងមនុស្សធម៌របស់ប្រជាជនប៉ាឡេស្ទីនទេ ជាពិសេសនៅក្នុងតំបន់ហ្គាហ្សា ដែលអស់រយៈពេល ២ ឆ្នាំ ដែលស៊ូទ្រាំនឹងសង្គ្រាមប្រល័យពូជសាសន៍ដ៏ឃោរឃៅ និងឧក្រិដ្ឋកម្មដែលមិនធ្លាប់មានពីមុនមកដែលប្រព្រឹត្តដោយការកាន់កាប់ភេរវកម្មនៅចំពោះមុខពិភពលោកទាំងមូល។
ទន្ទឹមនោះ ក្រុមហាម៉ាស ក៏បានប្រឆាំងនឹងយន្តការអាណាព្យាបាលអន្តរជាតិ និងវត្តមានរបស់កងកម្លាំងអន្តរជាតិនៅក្នុងតំបន់ហ្គាហ្សាផងដែរ។

សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា បើកងកម្លាំងអន្តរជាតិណាមួយត្រូវបានបង្កើតឡើង ត្រូវតែដាក់ពង្រាយនៅតែតាមព្រំដែនបានហើយ ដើម្បីតាមដានបទឈប់បាញ់ ហើយត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិទាំងស្រុង។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក គាំទ្រផែនការសន្តិភាពហ្គាហ្សា។ សមាជិក ១៣នាក់ ក្នុងចំណោមសមាជិកទាំង ១៥ នាក់ របស់ក្រុមប្រឹក្សា បោះឆ្នោតគាំទ្រ៕

ដោយ៖ ពេជ្រ
