យ៉ាងហោចណាស់មនុស្ស ១២០នាក់ និងមន្ត្រីប៉ូលីស ១០០នាក់ បានរងរបួសក្នុងការប៉ះទង្គិចគ្នា អំឡុងពេលនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅទីក្រុងម៉ិកស៊ិក។

បាតុកររាប់ពាន់នាក់ បានដើរក្បួននៅក្នុងរដ្ឋធានីម៉ិកស៊ិក កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងឧក្រិដ្ឋកម្មហិង្សា និងរដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតី Claudia Sheinbaum។
យោងតាម លោកស្រី Sheinbaum បានឱ្យដឹងថា បាតុកម្មមិនមែនកើតឡើងតែនៅក្នុងរដ្ឋធានីនេះទេ ប៉ុន្តែនៅតាមទីក្រុងផ្សេងទៀតផងដែរ ខណៈមានអ្នកនយោបាយស្តាំនិយមដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី នៅពីក្រោយ។
ការប្រមូលផ្ដុំតវ៉ានេះ ត្រូវបានរៀបចំឡើងដោយក្រុមយុវជនជំនាន់ Z (Gen Z) ដោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលតវ៉ាប្រឆាំងនឹងការសម្លាប់មនុស្សល្បីៗ រួមទាំងការធ្វើឃាតអភិបាលក្រុង Uruapan លោក Carlos Manzo កាលពីប៉ុន្មានសប្តាហ៍មុន ក្រោយលោក អំពាវនាវឱ្យមានសកម្មភាពតឹងរ៉ឹងប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។

ក្រុមបាតុករ បានសម្រុកចូលកម្ទេចរបាំងការពារវិមានជាតិ ជាកន្លែងដែលលោកស្រី Sheinbaum ស្ថិតនៅ។ ប៉ូលីសដែលការពារបរិវេណនោះ បានប្រើឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករ។
ជាលទ្ធផល អាជ្ញាធរ បានចាប់ខ្លួនមនុស្ស ២០នាក់ ពីបទឧក្រិដ្ឋរួមទាំងការប្លន់ និងការវាយប្រហារ នេះបើតាមប្រធានសន្តិសុខទីក្រុងម៉ិកស៊ិក លោក Pablo Vazquez បានប្រាប់អ្នកយកព័ត៌មាន ខណៈមិនមានរបាយករាណ៍ពីអ្នកស្លាប់ក្នុងបាតុកម្មនេះទេ៕

ដោយ៖ ពេជ្រ
