នៅថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងលោក សេង ឈីម អនុប្រធានកងឯកភាពកំចាត់មីនទី៦ បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដល់មន្រ្តី ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស បរិស្ថានុរក្ស និងពលករប្រមាណ១៥០នាក់ ដើម្បីស្គាល់ និងយល់ដឹងអំពីប្រភេទគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាម ពិសេសប្រភេទគ្រាប់បែកចង្កោមដែលកងទ័ពថៃបាញ់មកលើតំបន់ប្រាសាទព្រះវិហារ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ក្នុងពេលចុះបំពេញការងារ។ កម្មវិធីផ្សព្វផ្សាយពេលនេះក៏បានសំណូមពរអ្នកចូលរួមជួយផ្សព្វផ្សាយបន្តអំពីគ្រោះថ្នាក់នៃសំណល់គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាជននៅក្នុងសហគមន៍ឱ្យបានដឹង និងត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ មន្រ្តីប៉ុស្តិ៍នគរបាល ឬមន្ត្រីស៊ីម៉ាក់ពេលជួបប្រទះគ្រាប់ ឬវត្ថុសង្ស័យថាជាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។





