លោក ជា ហេងទ្បុង៖ ស្របនឹងសក្តានុពលវិស័យកសិកម្ម ធ្វើឲ្យប្រជាពលរដ្ឋខេត្តពោធិសាត់ចាំបាច់មានតម្រូវការប្រើប្រាស់សេវាធានារ៉ាប់រង

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី “ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម”ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជា ហេងទ្បុង អភិបាលរងស្រុកបាកាន  ខេត្តពោធិ៍សាត់បានលើកទ្បើងថា ស្របនឹងសក្តានុពលនៃវិស័យសកិកម្មធ្វើឲ្យប្រជាពលរដ្ឋនៃខេត្តពោធិសាត់និយាយរួម និងដោយទ្បែកប្រជាពលរដ្ឋស្រុកបាកាន ចាំបាច់មានតម្រូវការប្រើប្រាស់សេវាធានារ៉ាប់រងដំណាំកសិកម្ម ដើម្បីទទួលបាននូវសុខសុវត្ថិភាពផ្លូវចិត្ត និងការជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់គ្រួសារ នៅពេលមានហានិភ័យណាកើតទ្បើង។

ប៉ុន្តែលោកថា បច្ចុប្បន្ននេះ យើងសង្កេតឃើញថាពុំទាន់មានគ្រឹះស្ថានធានារ៉ាប់រងឯកជនណាមួយបានមកបោះទីតាំង និងធ្វើអាជីវកម្មផ្តល់សេវ៉ាធានារ៉ាប់រងដោយផ្ទាល់នៅលើទឹកដីនៃខេត្តពោធិសាត់នៅទ្បើយ។ ក្នុងបរិបទនេះ រដ្ឋបាលស្រុកបាកាន សូមលើកទឹកចិត្ត និងសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជាពិនិត្យលទ្ធភាព និងសម្របសម្រួលឲ្យមានការបើកសាខារបស់ក្រុមហ៊ុនធានារ៉ាប់រង ឬក្រុមហ៊ុនអន្តរការីធានារ៉ាប់រងនៅខេត្តពោធិសាត់ក្នុងន័យបង្កើតនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាជួយកាត់បន្ថយហានិភ័យហិរញ្ញវត្ថុផងដែរ។

នាឱកាសនោះ លោកអភិបាលរងស្រុក ក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា ដែលបានជ្រើសរើសយកស្រុកបាកាន ខេត្តពោធិ៍សាត់ ជាទីតាំងសម្រាប់រៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងដំណាំកសិកម្ម។លោកក៏មានជំនឿយ៉ាងមុតមាំថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកដល់ការជំរុញនិងលើកកម្ពស់ផ្នែកសុខមាលភាព និងហិរញ្ញវត្ថុដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ទាំងអស់។

បន្ថែមពីនេះលោកអភិបាលរងក៏បានលើកទ្បើងផងដែរអំពីដំណើរការអភិវឌ្ឍស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏ដូចជាខេត្តដទៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងងើបឡើងវិញជាបណ្តើរៗលើគ្រប់វិស័យដែលទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

សូមជម្រាបថា ស្រុកបាកាន មានរដ្ឋបាល ៩ឃុំ និង ១៣១ភូមិ  ស្ថិតនៅក្នុង ខេត្តពោធិ៍សាត់ ដែលមានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ឆ្នាំង ខាងលិចជាប់ខេត្តបាត់ដំបង ខាងជើងជាប់នឹងខេត្តសៀមរាបនិងកំពង់ធំ ដែលលាតសន្ធឹងតាមបឹងទន្លេសាប និងខាងត្បូងជាប់ខេត្តកំពង់ស្ពឺនិងខេត្តកោះកុង។ បន្ថែមលើនេះទៀត ទឹកដីខេត្តពោធិ៍សាត់សម្បូរទៅដោយធនធានធម្មជាតិទាំងលើដី និងក្រោមដីដូចជា ព្រៃឈើ ខ្សាច់សំណង់ ថ្មកែវ ត្រីទឹកសាប និងរ៉ែក្រោមដីផ្សេងៗមួយចំនួនធំទៀត។ វិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ច និងសូចនាកររបស់ខេត្ត គឺវិស័យកសិកម្ម រួមផ្សំជាមួយដំណាំផ្លែឈើជាច្រើនមុខ ជាពិសេសដំណាំក្រូចពោធិ៍សាត់ ជាប្រភេទពូជក្រូច ដែលមានរសជាតិល្បីល្បាញទូទាំងប្រទេស៕

Written by 

Related posts

Leave a Comment