(ឧត្តរមានជ័យ) នាព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រួមគ្នាសំអាតសាលារៀន ត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៥-២០២៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាគោកប្រាសាទ ជាសាលារៀនមួយក្នុងចំណោយសាលារៀនក្នុងខេត្តឧត្តរមានជ័យ ដែលទាហានថៃ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំធ្លាក់ចូលទីធ្លាសាលា ក្នុងអំឡុងពេលនៃជម្លោះប្រដាប់អាវុធ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
មុនដំណើរការសិក្សាសាលានេះវិញ អង្គភាព CMAC បានចុះមកបោសសំអាតអំបែងគ្រាប់ និងរាវរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់ហើយ ដើម្បីធានាសុវត្ថិភាពដល់សិស្ស។
ការសិក្សាជាតម្រូវការចាំបាច់សម្រាប់ផ្តល់ចំណេះដឹង និងបង្កើតបានធនធានមនុស្ស ហើយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាជាយដែនមួយនេះ ប្រាថ្នាសំឡេងស្ងប់ស្ងាត់ សំឡេងសន្តិភាព ដើម្បីពួកគេអាចបង្រៀន និងរៀនសូត្របាន។(ដកស្រង់ពី៖ AKP)








 
                                         
                                 
                                