បទវិភាគ៖កិច្ចជំនួបពិភាក្សានៅក្រុងប៊ូសាន៖ មានតែធ្វើជាដៃគូនឹងគ្នា ទើបចិននិងសហរដ្ឋអាមេរិកអាចទទួលផលឈ្នះ-ឈ្នះនៅពេលអនាគត

កាលពីថ្ងៃទី៣០ខែតុលា កិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិននិងអាមេរិកដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកទាំងមូលបានធ្វើឡើងនៅក្រុងប៊ូសាននៃកូរ៉េខាងត្បូង ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រកបដោយលក្ខណៈយុទ្ធសាស្ត្រនិងវែងឆ្ងាយដែលពាក់ព័ន្ធដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិនាំគ្នាផ្សព្វផ្សាយដំណឹងនិងចេញផ្សាយបទអត្ថាធិប្បាយ ដែលបានបញ្ជាក់ថា  ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតលើពិភពលោក ទំនាកទំនងចិន-សហរដ្ឋអាមេរិករក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយភាពល្អបរិសុទ្ធ ស្ថិរភាពនិងនិរន្តរភាព វាសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយក៏សមស្របនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិផងដែរ ។

ក្នុងកិច្ចជំនួបនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីទំនាក់ទំនងរវាងចិននិងអាមេរិកនិងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងថាមពលជាដើម ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា រីករាយបន្តរួមជាមួយលោកត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជាបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍរៀងៗខ្លួនផងដែរ ។ លោកត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងថា ចិនជាដៃគូធំបំផុតរបស់សហរដ្ឋអាមេរិក ប្រទេសទាំងពីរពួតដៃគ្នាអាចធ្វើរឿងធំៗជាច្រើនលើពិភពលោក នៅពេលអនាគត កិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងចិននឹងទទួលបានសមិទ្ធផលកាន់តែធំធេង ។

ឥស្សរជនវិភាគបានលើកឡើងថា កិច្ចជំនួបលើកនេះបានបញ្ចេញសញ្ញាច្បាស់លាស់នៃការលំនឹងទំនាក់ទំនងរវាងចិននិងអាមេរិក ដែលផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកនៅពេលអនាគត ហើយក៏ផ្តល់ភាពប្រាកដប្រជាដល់ពិភពលោកផងដែរ ។

ក្នុងនាមជា “យុថ្កាសម្រាប់លំនឹងនាវា”នៃទំនាក់ទំនងចិន-អាមេរិក កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាបញ្ហាពិភាក្សាសំខាន់ក្នុងកិច្ចជំនួបពិភាក្សាលើកនេះ ។ ឆ្លងកាត់កិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន៤ជុំពីខែឧសភាដល់ខែកញ្ញាកន្លងទៅនេះ ចិននិងសហរដ្ឋអាមេរិកទទួលបានការវិវឌ្ឍដ៏វិជ្ជមានលើបញ្ហាជាច្រើន ។ ប៉ុន្តែក្នុងរយៈពេលប្រហែលមួយខែកន្លងទៅនេះ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកបានលេចចេញភាពរង្គោះរង្គើនិងភាពឡើងចុះមួយចំនួន ។ ឆ្លងតាមរយៈការចរចាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលធ្វើឡើងនៅក្រុងគូឡាឡាំពួរបស់ម៉ាឡេស៊ីនៅប៉ុន្មានថ្ងៃមុនភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមអំពីការដោះស្រាយដោយស្មើគ្នានូវបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាបន្ទាន់នាពេលបច្ចុប្បន្ន ។

 ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិននិងអាមេរិក ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីការចាត់ចែងរៀបចំរួមសម្រាប់កិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងគូឡាឡំពួ ដែលបូករួមទាំងវិធានការដ៏សំខាន់ដូចជា ភាគីអាមេរិកនឹងលុបចោលការដំឡើងអ្វីដែលហៅថា“ពន្ធគយថ្នាំហ្វេនតានីល”ចំនួន១០ភាគរយទៅលើទំនិញចិន និងបន្តផ្អាករយៈពេលមួយឆ្នាំនូវការដំឡើងពន្ធគយបដិការចំនួន២៤ភាគរយទៅលើទំនិញចិនជាដើម ហើយភាគីចិនក៏បានកែសម្រួលវិធានការតបតវិញដែរ ។ មានការវិភាគបានលើកឡើងថា ការរៀបចំចាត់ចែងទាំងនេះបានបង្ហាញពីនិន្នាការដ៏ល្អប្រសើរនៃក្រុមការងារភាគីទាំងពីរក្នុងការអនុវត្តជាក់ស្តែងឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់នៃកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរនិងគាំពារស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ។

 ប្រទេសទាំងពីរចិននិងអាមេរិកធ្វើជាដៃគូនិងមិត្តភក្តិ នេះជាការផុសគំនិតពីប្រវត្តិសាស្ត្រ ហើយក៏ជាតម្រូវការនៃស្ថានភាពជាក់ស្តែងដែរ ។ ក្នុងខណៈពេលគន្លឹះ កិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិននិងអាមេរិកបានចង្អុលបង្ហាញទិសដៅម្តងទៀតសម្រាប់ការកែលម្អនិងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ។ ឱ្យតែភាគីទាំងពីរអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ អនុវត្តតាមស្មារតីសមភាព គោរពគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក នោះ ក៏មានលទ្ធភាពជំរុញឱ្យនាវាយក្សនៃទំនាក់ទំនងរវាងចិននិងអាមេរិកបើកទៅមុខដោយនឹងនរ ដើម្បីបំពេញបន្ថែមភាពនឹងនរនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោក ៕

Written by 

Related posts

Leave a Comment