ការវាយប្រហារដោយគ្រាប់បែកដែលសម្លាប់ប្រធានកងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី គឺលោកឧត្តមសេនីយ៍ឯក Igor Kirillov នឹងអាចធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន សម្រាប់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ។
យោងតាមអ្នកវិភាគ បានលើកឡើងថា ការសម្លាប់លោកឧត្តមសេនីយ Kirillov ទំនងជានឹងជំរុញឱ្យមានការឆ្លើយតបរបស់រុស្ស៊ី ដែលអាចនាំឱ្យមានការកើនឡើងជាថ្មីបន្ថែមទៀត និងធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលចូលមកដល់ ដើម្បីឈានទៅដល់ការចរចារ ។
ទន្ទឹមនោះ អ្នកវិភាគ បានបន្ថែមថា លោក Trump មិនទាន់លើកឡើងពីបញ្ហាដែលទើបកើតឡើងថ្មីៗនេះទេ ដោយលោក កំពុងខិតខំប្រឹងប្រែងដោះស្រាយពាក់ព័ន្ធនឹងការប្រើអាវុធអាមេរិក វាយប្រហារលើរុស្ស៊ី ប៉ុណ្ណោះ ។
ការលើកឡើងរបស់អ្នកវិភាគ កើតឡើងបន្ទាប់ពីអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានពណ៌នាការវាយប្រហារថាជាភាពឈឺចាប់នៃរបប Banderite និងជាការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងគៀវ ដើម្បីបង្ហាញពីភាពរង្គោះរង្គើរបស់ខ្លួននៅក្នុងក្រសែភ្នែកអ្នកគាំទ្រលោកខាងលិច និងអូសបន្លាយអរិភាពដ៏សាហាវ។
លោក ក៏បាននិយាយដែរថា របបក្រុងគៀវ ទទួលស្គាល់តួនាទីរបស់ខ្លួនក្នុងការរៀបចំផែនការវាយប្រហារភេរវកម្ម ដូច្នេះយើងនឹងមានការឆ្លើយតបវិញផងដែរ។
គួរបញ្ជាក់ថា លោកឧត្ដមសេនីយ៍ Kirillov បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកបង្កប់ក្នុងកង់ស្គីស្កូតធឺ ពេលលោកដើរចេញពីផ្ទះ៕
ដោយ៖ ពេជ្រ