ប៉ុន្មានថ្ងៃមុន សន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានក្លាយជាការផ្តោតអារម្មណ៍នៃមតិសាធារណៈអន្តរជាតិ ។ ក្នុងនោះ ការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រដែលកំណត់ក្នុងសន្និសីទពេញអង្គ ពោលគឺ ក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ពន្លឿនការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាខ្ពស់ដោយឯករាជ្យម្ចាស់ការ និងណែនាំការអភិវឌ្ឍផលិតកម្មគុណភាពថ្មី បានញ៉ាំងឱ្យប្រព័ន្ធសារព័ត៌មានបរទេសមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា សន្និសីទពេញអង្គបានបង្ហាញឃើញថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងតួនាទីរបស់បច្ចេកវិទ្យាក្នុងការបង្កើតផលិតកម្មគុណភាពថ្មី ហើយក៏បានចង្អុលបង្ហាញពីទិសដៅសម្រាប់ការអភិវឌ្ឍនៅលើពិភពលោកទាំងមូលផងដែរ ។
ក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ តើប្រទេសចិននឹងរៀបចំចាត់ចែងយ៉ាងណា ដើម្បីណែនាំការអភិវឌ្ឍផលិតកម្មគុណភាពថ្មី ? បើមើលពី«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន »ដែលត្រូវបានពិគ្រោះពិភាក្សានិងអនុម័តក្នុងសន្និសីទពេញ មជ្ឈដ្ឋានខាងក្រៅអាចស្វែងរកចម្លើយដោយងាយស្រួល ពោលគឺ គួរបង្កើនការច្នៃប្រឌិតដើមនិងការវាយទម្លុះខាងបច្ចេកទេសគន្លឹះ ជំរុញភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្ម ជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យការអប់រំនិងបច្ចេកវិទ្យា ជំរុញកិច្ចកសាងឌីជីថលរបស់ប្រទេសចិនដោយស៊ីជម្រៅ ។ល។ អត្ថាធិប្បាយទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ការអភិវឌ្ឍផលិតកម្មគុណភាពថ្មី គឺគូបផ្សំយ៉ាងជិតស្និទ្ធជាមួយការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ការលើកកម្ពស់កម្រិតឧស្សាហកម្ម និងការធ្វើបរិវត្តកម្មបៃតងជាដើម ហើយនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍផលិតកម្មគុណភាពថ្មី ព្រមទាំងនឹងបំពេញបន្ថែមកម្លាំងចលករថ្មីនិងឱកាសថ្មីដល់ពិភពលោក ។
ក្នុងនាមជាគន្លឹះមួយនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃពិភពលោកទាំងមូល ការដែលប្រទេសចិនពន្លឿនការអភិវឌ្ឍផលិតកម្មគុណភាពថ្មីក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ មិនត្រឹមតែអាចបង្កើតឱកាសសហប្រតិបតិ្តការផ្នែកឧស្សាហកម្មប្រកបដោយភាពបើកទូលាយនិងសម្បូរបែបកាន់តែច្រើនតែប៉ុណ្ណោះ ក៏ប៉ុន្តែនឹងជំរុញការធ្វើបរិវត្តកម្មឌីជីថល ភាពវៃឆ្លាតនិងបៃតងរបស់ប្រទេសផ្សេងទៀតផងដែរ ។ ក្រុមហ៊ុន BYD ដែលជាសហគ្រាសផលិតរថយន្តរបស់ចិនបានសម្គាល់ឃើញថា បច្ចុប្បន្ននេះ រថយន្តថាមពលថ្មីដែលផលិតដោយក្រុមហ៊ុននេះ បានលក់ទៅកាន់ប្រទេសនិងតំបន់ចំនួន១១៦នៅលើពិភពលោក ដែលបានរួមចំណែកដល់ការអភិវឌ្ឍបៃតងនិងនិរន្តរភាពរបស់មនុស្សជាតិ ។ ក្នុងនោះ រោងចក្រនៅប្រទេសប្រេស៊ីលរបស់ក្រុមហ៊ុននេះ បានបង្កើតឱកាសការងារចំនួន២ម៉ឺនកន្លែងដោយផ្ទាល់និងប្រយោល ធ្វើឱ្យមនុស្សកាន់តែច្រើនទទួលបានផលប្រយោជន៍ពីការលើកកម្ពស់កម្រិតឧស្សាហកម្ម ។
ប្រការដែលកាន់តែសំខាន់ជាងនេះ គឺផលិតកម្មគុណភាពថ្មីមិនត្រឹមតែបានផ្តល់ការទ្រទ្រង់និងជំរុញកំណើនសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលទៀតផង តាមរយៈភាពបន្ស៊ីគ្នាខាងឧស្សាហកម្មបច្ចេកវិទ្យានិងការវាយទម្លុះបច្ចេកវិទ្យាឌីជីថលឈានមុខ ។ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនវិទ្យាសាស្ត្រ Boston របស់អាមេរិកបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននេះបានបន្ថែមការបណ្តាក់ទុននៅប្រទេសចិនជាបន្តបន្ទាប់ ក្រៅពីបានបង្កើតមូលដ្ឋានផលិតកម្មទីមួយនៅប្រទេសចិន ក៏បានផលិតផលិតផលជាតំណាងនៃផលិតកម្មគុណភាពថ្មីមួយចំនួន ដែលធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍ និងប្រើប្រាស់បច្ចេកទេសបញ្ញាសិប្បនិម្មិតនៅប្រទេសចិនជាដើម ក្នុងន័យធ្វើឱ្យការច្នៃប្រឌិតថ្មីរបស់ចិនផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល ។
ពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ដល់ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ រហូតដល់គោលដៅរយៈពេលវែងឆ្នាំ ២០៣៥ ប្រទេសចិនបានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តនិងឆន្ទៈក្នុងការគ្រោងនិងអនុវត្តផែនការគោល ហើយក៏បានបង្ហាញឱ្យឃើញនូវភាពរស់រវើកនៃកម្លាំងចលករថ្មី ។ ដើរទៅកាន់ “ភាពថ្មី” ការធ្វើទំនើបកម្មតាមបែបផែនចិននឹងដើរទៅមុខកាន់តែយូរអង្វែងនិងកាន់តែរឹងមាំ រីឯសេដ្ឋកិច្ចសកលក៏នឹងទទួលបានភាពរស់រវើកកាន់តែច្រើនដោយសារការនេះ ៕


