ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹប Barcelona បាននិយាយថា រូបគេមានក្តីសង្ឃឹមថា នឹងស្នាក់នៅក្លឹបអេស្ប៉ាញនេះលើសពីរយៈពេលកិច្ចសន្យាខ្ចីជើងពីក្លឹប Manchester United។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបន្តថា ចំពោះការផ្លាស់ប្តូរដែលរូបគេពិតជាត្រូវការ បន្ទាប់ពីបានចំណាយ ពេលពេញមួយអាជីពនៅក្នុងលីគប្រទេសអង់គ្លេស ខណៈកិច្ចសន្យាជាមួយ Manchester United មានរហូតដល់ឆ្នាំ២០២៨ ។
ក្លឹប Barcelona កំពុងរ៉ាប់រងប្រាក់ឈ្នួលកិច្ចសន្យាខ្ចីជើងរបស់ Rashford ក្នុងពេញមួយរដូវកាលនេះ បន្ទាប់ពីកីឡាករដែលកើតនៅទីក្រុង Manchester រូបនេះបានទទួលយកការកាត់ប្រាក់ខែ ជាមួយនឹងជម្រើសក្នុងការទិញក្នុងតម្លៃប្រហែល ៣៥លានដុល្លារ ។
មុននឹងមានដាក់សង្ឃឹមបែបនេះ សម្រាប់អនាគតរបស់ Rashford នៅ Old Trafford ហាក់ដូចជាអាប់អួរ បន្ទាប់ពីមានការឈ្លោះប្រកែកជាមួយអ្នកចាត់ការ Ruben Amorim កាលពីឆ្នាំមុន។ ក្រោយមកការផ្ទេរទៅ La Liga ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អធ្វេដង ក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុម គឺលោក Hansi Flick ។
ស្ថិតក្នុងកិច្ចសម្ភាសន៍ជាមួយ ESPN នៅពេលសួរថា តើចង់បន្តការស្នាក់នៅជាមួយ Barca ទៀតដែរឬទេ ខ្សែប្រយុទ្ធជួរមុខរូបនេះបានឱ្យដឹងថា «ប្រាកដណាស់ ខ្ញុំកំពុងរីករាយនឹងក្លឹបបាល់ទាត់នេះ ខ្ញុំគិតថា សម្រាប់អ្នកដែលស្រឡាញ់បាល់ទាត់ ក្លឹប Barcelona គឺជាក្លឹបអស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃការប្រកួត សម្រាប់កីឡាករម្នាក់ វាគឺជាកិត្តិយសមួយ» ។«មនុស្សជាច្រើនអាចភ្លេច ខណៈរយៈពេល ២៣ឆ្នាំនៃជីវិតរបស់ខ្ញុំ គឺនៅជាមួយ Manchester Unitedដូច្នេះពេលខ្លះអ្នកគ្រាន់តែត្រូវការការផ្លាស់ប្តូរ ខ្ញុំគិតថាប្រហែលនេះជាគោលដៅសម្គោលរបស់ខ្ញុំ ហើយខ្ញុំកំពុងរីករាយនឹងអ្វីៗ គ្រប់យ៉ាង» ៕

