សំរាមរួមទាំងស្បែកគោត្រូវបានជនអនាមឹកមកបោះចោលនៅចិញ្ចើមផ្លូវក្បែរព្រលានយន្តហោះចាស់បង្កឲ្យប៉ះពាល់ដល់បរិស្ថាន

ខេត្តរតនគិរី÷ សំរាមព្រមទាំងស្បែកគោជាច្រើនដែលគេបានយកបោះចោលនៅក្បែរចិញ្ចើមផ្លូវ ដោយមានធំក្លិនស្អុយអសោចជាខ្លាំង ធ្វើឲ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋរស់នៅក្បែរនោះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងបរិស្ថានក្នុងក្រុងបានលុង។

ជាក់ស្ដែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅតាមកំណាត់ផ្លូវលេខ២៣ នៅក្បែរខាងលិចព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។

ប្រជាពលរដ្ឋរស់នៅក្បែរសំរាមនោះបានរៀបរាប់ថា ពួកគាត់ទ្រាំនិងក្លិនស្អុយជាខ្លាំងបញ្ហាសំរាម ស្បែកគោដែលគេយកមកបោះចោលនៅពេលយប់ ពេលថ្ងៃមិនដែលឃើញមានគេយកមកបោះចោលនោះទេ។ឃើញមានប្រជាពលរដ្ឋខ្មែរឥស្លាមជាច្រើនគ្រួសារមករស់នៅកន្លែងនេះ ដែលធ្វើអាជីវកម្មកាប់គោ កាប់ក្របីយកទៅលក់នៅក្នុងផ្សារបានលុង មិនមានអ្នកនៅឆ្ងាយយកមកបោះចោលនៅទីនេះទេ មានតែអ្នកដែលធ្វើអាជីវកម្មកាប់គោ កាប់ក្របីយកស្បែកគោឆ្អឹងគោ មកបោះចោលនៅកន្លែងនេះ។

លោក ឌុច ហួរ ចៅសង្កាត់ឡាបានសៀកបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ថា បញ្ហាសំរាមយើងបានដាក់ផ្លាកបម្រាមហាមមិនឲ្យចាក់សំរាមចោលនៅទីសាធារណៈ ឬក៏នៅតាមដងផ្លូវសាធារណៈប៉ុន្តែបើអាជ្ញាធរចាប់បានត្រូវបង់ផាកពិន័យជាទឹកប្រាក់ចំនួន ៤០ម៉ឺនរៀល។បោះចោលសំរាមនោះច្រើនជនអនាមឹក ដែលលួចយកមកបោះចោលដោយមិនមានឆន្ទៈក្នុងការចូលរួមរឿងបញ្ហាអនាម័យនិងបរិស្ថាននោះទេ។

លោកចៅសង្កាត់បានបញ្ជាក់ទៀតថា បើអាជ្ញាធរចាប់បានមានតែពិន័យគាត់ ហើយអាជ្ញាធរកម្រនិងចាប់បានពួកគាត់ណាស់ នៅពេលយប់ជ្រៅចាប់ពីម៉ោង២ រហូតដល់ម៉ោង៣យប់ កណ្ដាលអធ្រាត្រ អញ្ចឹងទេអាជ្ញាធរមានតែទ្រាំតាមកម្មផលទៅចុះ។ហើយកន្លងមកអាជ្ញាធរក៏បានផ្សព្វផ្សាយនិងជូនដំណឹងរួមទាំងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវចេះធ្វើអនាម័យ,បរិស្ថាននៅក្នុងមូលដ្ឋានរបស់ពួកគាត់ដើម្បីឲ្យមានសោភ័ណភាពល្អ ផ្ទុយទៅវិញពួកគាត់មិនស្តាប់ធ្វើលើសដើម។ 

លោកថា បើចាប់បានវិញមានតែណែនាំពួកគាត់លើកទី១ លើកទី២ និងលើកទី៣ បញ្ហាធុងសំរាមអាជ្ញាធរបានយកទៅដាក់នៅតាមផ្លូវទីសាធារណៈហើយ មិនយកសំរាមដាក់ចូលនៅក្នុងធុងទេ យកមកដាក់នៅខាងក្រៅធុងវិញពិតជាពិបាកមែន។ហើយបញ្ហាធុងយកទៅដាក់នៅតាមផ្លូវសាធារណៈនោះមិនអាចទុកចោលបានយូរនោះទេ ខ្លាចមានជនឆ្លៀតឱកាសលួចយកទៅបាត់៕

Written by 

Related posts

Leave a Comment