យោងតាមសារព័ត៌មាន AS បានឲ្យដឹងថា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) អាចនឹងពង្រីកចំនួននៃការចុះឈ្មោះកីឡាករក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ។
ប្រភពដដែលថា ដើមឡើយក្រុមនីមួយៗត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករ២៦ នាក់ក្នុងបញ្ជីចុងក្រោយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែពេលនេះ FIFA ចង់បង្កើនចំនួនដែលបានចុះឈ្មោះដល់៣០នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។
FIFA អះអាងថាការប្រកួតនៅរដូវក្តៅក្រោយនឹងក្លាយជាការប្រកួតដ៏ធំបំផុតមិនធ្លាប់មានដោយមានប្រទេសចំនួន ៤៨ ចូលរួម។នេះមានន័យថាការបង្កើនចំនួនកីឡាករដែលបានចុះឈ្មោះនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការប្រកួត កាត់បន្ថយការរងរបួស និងផ្តល់ឱ្យគ្រូបង្វឹកនូវជម្រើសកាន់តែច្រើន។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦។ ការពង្រីកការប្រកួតបាល់ទាត់ពិភពលោកដល់៤៨ ក្រុមមានន័យថានឹងមានការប្រកួតបន្ថែមទៀត ដោយមានការប្រកួតសរុបចំនួន១០៤ប្រកួត ខណៈកាលឆ្នាំ២០២២នៅប្រទេសកាតារ មាន៦៤ប្រកួត។
ការកើនឡើងនៃចំនួនការប្រកួតពី៦៤ទៅ១០៤ប្រកួតនេះ តម្រូវឱ្យមានការកែតម្រូវក្នុងការគ្រប់គ្រងកម្លាំង ជាពិសេសនៅពេលដែលការប្រកួតប្រព្រឹត្តទៅនៅទីតាំងផ្សេងៗគ្នា ក្រោមលក្ខខណ្ឌអាកាសធាតុខ្លាំងដូចជាកំដៅ និងសំណើមខ្ពស់នៅទ្វីបអាមេរិកខាងជើង៕(Olympiccambodia)
