ថ្ងៃជំនុំជំរះបានមកដល់ម្តងទៀតហើយ សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ខណសមាជិកសភានឹងធ្វើការបោះឆ្នោតជាលើកទីពីរ ថាតើគាត់គួរត្រូវបានចោទប្រកាន់ពីបទប្រកាសច្បាប់អាជ្ញាសឹក និងធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងភាពវឹកវរដែរឬយ៉ាងណា។
គណបក្សប្រឆាំងបានដាក់ញត្តិមួយទៀតប្រឆាំងនឹងមេដឹកនាំដែលនាំឲ្យមានជម្លោះ ខណការបោះឆ្នោតធ្វើឡើងនៅថ្ងៃសៅរ៍នេះ។
សមាជិកបក្សកាន់អំណាចបានធ្វើពហិការមិនចូលប្រជុំសភាលើកដំបូងដែលបានធ្វើឡើងកាលពីមួយសប្តាហ៍មុន។ លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី ៣ ខែធ្នូ ប៉ុន្តែសមាជិកសភាបានបដិសេធការសម្រេចចិត្តនេះប៉ុន្មានម៉ោងក្រោយមក។ ពេលនេះគាត់ស្ថិតក្រោមការស៊ើបអង្កេតបទឧក្រិដ្ឋ ស្របពេលមានការអំពាវនាវកាន់តែខ្លាំងឡើងៗដើម្បីទាមទារឲ្យគាត់ឱ្យចុះចេញពីតំណែង។
លោក Yoon បានសុំទោសម្តងហើយ ប៉ុន្តែចាប់តាំងពីនោះមកក៏ស្រាប់តែលោកបង្ហាញនូវការរឹងទទឹងកាន់តែខ្លាំងទ្បើងបង្កឲ្យធ្លាក់ចុះការគាំទ្រ។ លោកបានថ្លែងទៅកាន់ប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថាលោកគ្មានជម្រើសអ្វីក្រៅពីប្រកាសច្បាប់អាជ្ញាសឹកនោះទេ ពីព្រោះគណបក្សប្រឆាំងបានធ្វើនយោបាយជាតិនិយមហួសហេតុ។
លោកក៏បានប្តេជ្ញាថានឹងប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងការស៊ើបអង្កេត និងព្យាយាមធ្វើឲ្យលោកចៀសផុតពីការចោទប្រកាន់។
គួររំលឹកថា ញត្តិដែលត្រូវអនុម័តនៅថ្ងៃសៅរ៍នេះត្រូវការសំឡេងពីរភាគបីក្នុងរដ្ឋសភា ក្នុងនោះវាត្រូវការនូវការគាំទ្រពីសមាជិកសភានៃបក្សកាន់អំណាចយ៉ាងតិច ៨ រូប ខណសមាជិកសភាបក្សកាន់អំណាចចំនួន ៧ រូបហើយដែលត្រូវបានគេរាយការណ៍ថាបានគាំទ្រញត្តិបណ្តេញលោក Yoon គិតត្រឹមយប់ថ្ងៃសុក្រ។
កំហឹងសាធារណៈនៅកូរ៉េខាងត្បូងមិនបានរសាយនោះទេ ខណហ្វូងមនុស្សបន្តប្រមូលផ្តុំគ្នានៅខាងក្រៅសភាជាបន្តបន្ទាប់ក្រោយលោកYoon ប្រកាសច្បាប់អាជ្ញាសឹក។
តាមរបាយការណ៍បានឲ្យដឹងថាអាជ្ញាធរបានចាប់ខ្លួនអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ Cho Ji-ho ហើយលោកក៏បានសារភាពក្នុងអំឡុងពេលសាកសួរថា លោក Yoon បានបញ្ជាគាត់ម្តងហើយម្តងទៀតឱ្យចាប់ខ្លួនសមាជិករដ្ឋសភា បន្ទាប់ពីប្រកាសច្បាប់អាជ្ញាសឹក។ ទន្ទឹមនោះ អាជ្ញាធរក៏បានចាប់ខ្លួនប្រធានភ្នាក់ងារប៉ូលិសក្រុងសេអ៊ូលផងដែរ៕
ដោយ៖ ពេជ្រ