រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥បានជួបពិភាក្សាការងារជាមួយលោក MA Tieqiao អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation និងសហការី ហើយក៏បានស្នើសុំកិច្ចសហការគាំទ្រលើគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍។

នាឱកាសនោះលោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរបស់ក្រុមហ៊ុនដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជាដែលជាទីផ្សារទើបនឹងរះ ព្រមទំាងការជឿជាក់ដ៏មុតមាំលើការដឹកនាំប្រកបដោយគតិបណ្ឌិត ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាពដល់អ្នកទេសចរជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថាជំនួបនាពេលនេះជាជំហានមួយឈានទៅដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ ព្រមទាំងជូនពរដល់លោកអគ្គនាយកក្រុមហ៊ុន និងសហការី ឱ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កាក្នុងដំណេីរទស្សនកិច្ចសិក្សាសមិទ្ធិភាពនៃគម្រោងវិនិយោគនៅកម្ពុជានាពេលនេះ៕





