ថ្ងៃទី ៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានចុះហេត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីការប្តូរឈ្មោះក្រសួងការពារជាតិ ទៅជា “ក្រសួងសង្គ្រាម” ដែលជាឈ្មោះនៅកាលពីមុនក្នុងប្រវត្តិសាស្ត្រ ។ បទបញ្ជាប្រតិបត្តិនេះបានអះអាងថា ទង្វើនេះគឺដើម្បីបង្ហាញពីសញ្ញាទៅកាន់គូប្រជែងថា អាមេរិកមានឆន្ទៈត្រៀមធ្វើការប្រយុទ្ធ ដើម្បីគាំពារផលប្រយោជន៍របស់ខ្លួន ។ យោងតាមការផ្សាយដំណឹងរបស់កាសែត«ញូវយ៉ក ថាមស៍»បានឱ្យដឹងថា លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានអះអាងយ៉ាងកម្រោលថា ត្រូវធ្វើការវាយសម្រុក តែមិនមែនគ្រាន់តែការពារនោះទេ ។ ត្រូវស្វែងរកកម្លាំងប្រល័យជីវិតជាអតិបរមា មិនមែនភាពស្របច្បាប់ដែលមិនក្តៅក្រហាយទេ។ត្រូវស្វែងរកប្រសិទ្ធភាពហិង្សា តែមិនមែនភាពត្រឹមត្រូវខាងនយោបាយនោះទេ ។
បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែត ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៦១,៣ភាគរយសម្គាល់ឃើញថា អាមេរិកជាប្រទេសដែលញៀននឹងសង្គ្រាមបំផុតនៅលើពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧០,១ភាគរយសម្គាល់ឃើញថា សង្គ្រាមដែលអាមេរិកបំផុសនៅក្រៅប្រទេស បានបណ្តាលឱ្យកើតមានវិបតិ្តមនុស្សធម៌យ៉ាងធ្ងន់ធ្ងរក្នុងក្របខ័ណ្ឌពិភពលោកទាំងមូល អ្នកផ្តល់បទសម្ភាសន៍នៃទ្វីបអឺរ៉ុបនិងប្រទេសនៅទ្វីបអាមេរិកខាងត្បូង មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាបំផុតចំពោះរឿងនេះ ដោយមានចំនួន៧៤,៣ភាគរយ និង៧៧,៤ភាគរយដោយឡែកពីគ្នា ។ ក្រៅពីនេះ អ្នកផ្តល់បទសម្ភាសន៍នៃទ្វីបអឺរ៉ុបចំនួន៧៣,៩ភាគរយសម្គាល់ឃើញថា ការដែលអាមេរិកផ្តល់ជំនួយផ្នែកយោធាដល់ប្រទេសផ្សេងទៀតជាញឹកញាប់ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពសកល ៕
