រថភ្លើង បុកឡានក្រុងពេញទំហឹង សម្លាប់មនុស្ស និងរបួសជាង ៥០នាក់ នៅម៉ិកស៊ិក

អាជ្ញាធរ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១០ នាក់ស្លាប់ និងជាង ៤០ នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ឡានក្រុងដឹកអ្នកដំណើរ ២ ជាន់ ត្រូវបានរថភ្លើងដឹកទំនិញបើកបំបុកពេញទំហឹង នៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃចន្ទ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើផ្លូវហាយវេសហព័ន្ធ Atlacomulco-Maravatio ក្នុងក្រុង Atlacomulco រដ្ឋម៉ិកស៊ិក។ នេះបើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។

ភ្នាក់ងារការពារស៊ីវិលរបស់រដ្ឋ បានឱ្យដឹងថា ហេតុការណ៍នេះ អាចនឹងកើតឡើងមុនម៉ោង ៨ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃចន្ទ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរនៅនឹងកន្លែង និងអំពាវនាវដល់សាធារណជន ចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ និងគោរពស្លាកសញ្ញា ឈប់នៅផ្លូវបំបែកជាយផ្លូវដែក ដើម្បីការពារគ្រោះថ្នាក់។ វីដេអូ ត្រូវបានចែកចាយដែលបង្ហាញថា ឡានក្រុង បានបើកឆ្លងកាត់ផ្លូវដែកក្នុងល្បឿនយឺតៗ ហើយក៏ត្រូវរថភ្លើង មកដល់គោលដៅបុកតែម្ដង។

ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋម៉ិកស៊ិក ក៏បាននឹងកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់ពីស្ថានភាពនៃគ្រោះថ្នាក់នេះ និងស្វែងរកអ្នកបើកបរឡានក្រុង ដែលរត់គេចពីកន្លែងកើតហេតុ ផងដែរ។

ផ្លូវហាយវេ ត្រូវបានបិទទាំងស្រុងបណ្ដោះអាសន្ន ខណៈប្រតិបត្តិការជួយសង្គ្រោះ និងធ្វើកោសល្យវិច្ច័យនៅតែបន្ត ៕

ដោយ៖ ពេជ្រ                                       

Written by 

Related posts

Leave a Comment