ខេត្តតាកែវ ៖ ករណីធ្វើរបងបេតុងរំលោភយកដីផ្លូវជារឿងដែលមិនគួរនិងកើតឡើងសោះ សម្រាប់អ្នករួមភូមិផងរបងជាមួយគ្នា ដែលមានព្រំដីជាប់គ្នា ពិសេសមុននិងសម្រេចសាងសង់សំណង់របងរឹងមាំណាមួយគួរតែសុំយោបល់គ្នា រកផ្លូវកណ្តាលយោគយល់គ្នាទើបត្រូវ។

ជាក់ស្តែងមានករណីសង់របងរំលោភយកដីផ្លូវ មួយកើតឡើងនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ តាមការរៀបរាប់ពីកូនៗរបស់លោកយាយ ស ទូច អាយុជាង៧៨ឆ្នាំបញ្ជាក់កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ថា ស្រែគាត់មានផ្លូវរួមជាប់ជាមួយឈ្មោះ តុង ខេ ធ្លាប់ប្រើប្រាស់សម្រាប់ដឹកជញ្ជូន និងចេញចូលធ្វើស្រែជាយូរយាណាស់មកហើយ ស្រាប់តែពេលថ្មីៗនេះ ឈ្មោះ តុង ខេ បានចាក់របងថ្មបេតុងរំលោភយក ធ្វើឲ្យគាត់ពិបាកចេញចូលទៅស្រែ។ ក្រោយកើតករណីនេះឡើង កូនៗលោកយាយ ស ទូច កើតទុកមិនសុខចិត្តសុំឲ្យអាជ្ញាធរជួយដោះស្រាយ។ ក្នុងនោះដែរនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ឃើញមានអាជ្ញាធរ ភូមិ ឃុំចុះទៅដោះស្រាយសម្របសម្រួសភាគីទាំងសងខាង តែកូនៗលោកយាយ ស ទូច មិននៅផ្ទះទេ។ ជាលទ្ធផល អាជ្ញាធរនៅតែសម្រេចឲ្យភាគីឈ្មោះ តុង ខេ សង់របងថ្មបេតុងដដែល តែត្រូវបើកផ្លូវទំហ៊ំ ៨ តិក បណ្តោយ២,៨ម៉ែត្រ ឲ្យទៅ ស ទូច សម្រាប់ចេញចូលស្រែរបស់ខ្លួន។ កូនៗលោកយាយ ស ទូច មិនយលព្រមតាមការសម្របសម្រួលរបស់អាជ្ញាធរភូមិ ឃុំ នោះទេ ដោយលើកឡើងថា ពេលចុះសម្របសម្រួលពួកគាត់មិននៅផ្ទះ ម្តាយចាស់ជរា ស្តាប់មិនសូវឮ ទើបផ្តឹតមេដៃយល់ព្រមតាមការចង្អុរបង្ហាញពីអាជ្ញាធរ។

ពួកគាត់ជាកូនៗសំណូមពរទៅអាជ្ញាថ្នាក់ស្រុក ថ្នាក់ខេត្ត និងមន្ត្រីជំនាញចុះពិនិត្យមើលករណីនេះផង តើគេអាចធ្វើរបងថ្មរំលោភយកដីផ្លូវរួមបានដូចដែល ឈ្មោះ តុង ខេ ធ្វើនេះដែរឬទេ? ។ភ្នំពេញថ្មីមិនអាចទាក់ទងសុំការបំភ្លឺពីលោកកៅ វគ្គដែល ចៅហ្វាយស្រុកសំរោងបានទេនៅថ្ងៃទី៥ ៩ ២០២៥ តែសង្ឃឹមថាលោកចៅហ្វាយស្រុកនឹងចាត់វិធានការទៅលើបុគ្គលដែលធ្វើរបងបេតុងដើម្បីរំលោភយកដីផ្លូវខាងលើនេះដើម្បីទុកផ្លូវអោយពលរដ្ឋធ្វើដំណើជាធម្មតាវិញ។តាកែវ
