ពលរដ្ឋរិះគន់ក្រុមហ៊ុនចម្ការកៅស៊ូមិនបានរៀបចំទីតាំងស្តុកទឹកជ័រកៅស៊ូស្អុយត្រឹមត្រូវធ្វើឲ្យហៀរហូរប៉ះពាល់ដល់បរិស្ថាននិងលំនៅឋានពួកគាត់

ខេត្តរតនគិរី÷ ប្រជាពលរដ្ឋនាំគ្នាចេញមកខាងក្រៅផ្ទះឃើញមានទឹកជ័រកៅស៊ូស្អុយហូរពាសពេញផ្លូវសាធារណ: ដោយមានធំក្លិនស្អុយនៅក្បែរលំនៅឋានពួកគាត់ ដែលចេញពីខាងក្នុងរោងចក្រក្រុមហ៊ុន ហ្វីហ្វរ៉ាប់ប៊ើរ លីមីតធីត ចម្ការកៅស៊ូ ដែលមានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ធ្វើឲ្យប៉ះពាល់មកដល់លំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្បែរនោះ ខណៈពិបាកក្នុងការដកដង្ហើមដោយទ្រាំនឹងក្លិនស្អុយសាយភាយខ្លាំងពេក ក៏នាំគ្នាពាក់ម៉ាស់គ្រប់ៗគ្នា។

លោកស្រី ទិត ចរិយា ប្រធានភូមិ២ បានបញ្ជាក់ថា ទឹកជ័រកៅស៊ូស្អុយនេះបានជ្រៀបហូរចេញពីខាងក្នុងនៃរោងចក្រចម្ការកៅស៊ូ ហូរសៀរចេញតាមរបងមកខាងក្រៅ ក៏បានហូរឆ្លងកាត់ទល់មុខរោងចក្រកៅស៊ូមកលើផ្លូវសារធារណៈ ហើយបន្តហូរចូលទៅខាងក្នុងអូរទឹកធ្លាក់រមណីយដ្ឋានកាចាញ ដែលនៅក្បែរនោះ ធ្វើឲ្យប៉ះពាល់មកដល់សោភ័ណភាពនិងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទេសនាកម្សាន្ត ព្រមទាំងប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងអ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។
  
លោកស្រី ទិត ចរិយា បានបញ្ជាក់ទៀតថា ករណីដែលមានទឹកធំក្លិនស្អុយហូរមកខាងក្រៅរបងរោងចក្រនោះ លោកចៅសង្កាត់កាចាញនិងអាជ្ញាធរក្រុងបានលុងកន្លងមក ក៏បានចុះត្រួតពិនិត្យមើលទីតាំងទឹកស្អុយដែលហៀរហូរនោះ ប៉ុន្តែមកទល់និងពេលនេះនៅមិនទាន់រកដំណោះស្រាយឲ្យពួកគាត់បាននៅឡើយទេ ខណៈពេលពួកគាត់ហូបបាយមិនកើត ដេកក៏មិនសូវស្រួលដោយសារមានធំក្លិនអាសោយខ្លាំងពេក។

លោក កាយ ប៊ុនហឿង តំណាងក្រុមហ៊ុនចម្ការកៅស៊ូ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៦សីហានេះ ថា រឿងបញ្ហាទឹកជ័រកៅស៊ូស្អុយហូរនេះ រយ:ពេលពីរទៅបីថ្ងៃហើយ គឺបណ្តាលមកពីអាងស្តុកទឹកជ័រកៅស៊ូនៅខាងក្នុងរោងចក្រពេញអាងចំនួន២នោះ ធ្វើឲ្យហៀរហូរមកខាងក្រៅនិងជ្រៀបចេញតាមរបងរោង។ហើយក្រុមហ៊ុនក៏បានជីកស្រះស្តុកទុកទឹកស្អុយចំនួន៣ស្រះបន្ថែមទៀត នៅខាងក្រោយរោងចក្រនោះ ប៉ុន្តែម្ចាស់ដីនៅក្បែរនោះមិនអនុញ្ញាតឲ្យជីកដីដើម្បីបង្កប់ស៊ីយ៉ូមុខ១០០ឆ្លងកាត់ដីរបស់គាត់សម្រាប់បង្ហូរទឹកស្អុយនោះទេ។

លោក កាយ ប៊ុនហឿង បានបញ្ជាក់ទៀតថា ម្ចាស់ដីគេលក់ក្នុងតម្លៃថ្លៃលើសលប់ពេក កន្លះហិកតា គេទារតម្លៃ ៥ម៉ឺនដុល្លារ(អាមេរិក)ប៉ុន្តែលោកមិនមានសិទ្ធិអាកាត់រឿងទិញដីនោះទេ ខណៈម្ចាស់ក្រុមហ៊ុនចម្ការកៅស៊ូគាត់នៅឯភ្នំពេញ។ក្រុមហ៊ុនឲ្យអាជ្ញាធរសង្កាត់កាចាញជួយរកដំណោះស្រាយនៅត្រង់ចំណុចផ្លូវខាងក្រោយក្រុមហ៊ុន ហើយកាលពីមុននោះផ្លូវនេះគេចេញចូលទៅមកជាធម្មតា បន្ទាប់ពីខាងមន្ទីរសុរិយោដីខេត្តបានចុះមកធ្វើការវាស់វែងដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានបិទផ្លូវនេះ ទើបធ្វើឲ្យខាងក្រុមហ៊ុនមានការរាំងស្ទះមិនបានបង្ហូរទឹកស្អុយចូលទៅស្រះដែលទើបនិងជីកចំនួន៣ស្រះនោះទេ។

លោកថា ខណៈពេលនេះតំណាងក្រុមហ៊ុនចម្ការកៅស៊ូនិងអាជ្ញាធរសង្កាត់កាចាញ ស្នើសុំម្ចាស់ដីដែលជាប់គ្នានោះ បានដាក់ស៊ីយ៉ូឆ្លងកាត់ដីរបស់គាត់បានផង.! ប៉ុន្តែម្ចាស់ដីនៅតែមិនព្រមអនុញ្ញាតឲ្យដាក់ស៊ីយ៉ូឆ្លងកាត់ដីនោះឡើយ។
ហើយនៅថ្ងៃស្អែកនេះដែរ អាជ្ញាធរក្រុងក៏បានអញ្ជើញឲ្យខាងតំណាងក្រុមហ៊ុនចម្ការកៅស៊ូ មកសាលាក្រុង ដើម្បីពិភាក្សានិងរកដំណោះស្រាយ។

ទាក់ទងបញ្ហាខាងលើនេះដែរ លោក ទុន ពៅ ចៅសង្កាត់កាចាញ បានឲ្យដឹងនៅរសៀលថ្ងៃទី២៦សីហា ថា ខេត្តកំពង់រៀបចំបង្កើតក្រុមការងារមួយ ចុះមកត្រួតពិនិត្យមើលបញ្ហារោងចក្រនោះនិងដើម្បីរកដំណោះស្រាយ៕

Written by 

Related posts

Leave a Comment