ធ្លាក់ភ្លៀងមួយមេធំជាច្រើនម៉ោងបានបាក់ស្រុតដីនៅចិញ្ចើមផ្លូវបេតុងទល់មុខមណ្ឌលសុខភាពក្រុងបានលុង

ខេត្តរតនគិរី÷ ធ្លាក់ភ្លៀងមួយមេធំខណ:ទឹកហូរចូលតាមប្រព័ន្ធលូទឹកស្អុយមិនទាន់ នាំយកថង់ប្លាស្ទិកនិងសំរាមលើការូឡាបង្កឲ្យបាក់ស្រុតដីនៅចិញ្ចើមផ្លូវបេតុងជាប់និងក្បែរមាត់អូរ ប៉ុន្តែក្នុងនោះផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះពុំមានរងការបាក់និងស្រុតរលំនោះទេ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបេតុងមួយខ្សែលេខ៦២ ទល់មុខនិងមណ្ឌលសុខភាពក្រុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

អាជ្ញាធរខេត្ត អាជ្ញាធរក្រុងបានលុង សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី១៣សីហានេះ បានចុះមកត្រួតពិនិត្យមើលស្ថានភាពការបាក់ស្រុតដីក្នុងនោះរួមមាន: លោក ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី លោក សាយសាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត  លោក ធូ ឃឿ អភិបាលក្រុងបានលុង និងលោក ប៊ីជីវ័ន្ដ ដារ៉ា ប្រធានមន្ទីរភូមិបាលក្រុងបានលុង ព្រមទាំងមន្ទីរពាក់ព័ន្ធជាច្រើននាក់ទៀត។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថា មុនពេលបាក់ស្រុតដីនេះ ក៏មានភ្លៀងធ្លាក់ខ្លាំងនិងជាច្រើនម៉ោង ទឹកហូរប្រសេកប្រសាចពេញផ្លូវបេតុង និងហូរចូលទៅតាមប្រព័ន្ធលូ នាំកាកសំណល់ជាច្រើនហូរទៅជាមួយ បង្កឲ្យស្ទះមាត់លូ។ ទើបបណ្តាលឲ្យបាក់ស្រុតដី ប៉ុន្តែមិនមាននរណាម្នាក់នៅក្បែរនោះរងគ្រោះថ្នាក់នោះទេ។

លោក ធូ ឃឿ អភិបាលក្រុងបានលុងបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣សីហានេះ ថា មេឃភ្លៀងខ្លាំងនៅម៉ោង១យប់ ហើយនៅក្នុងរយ:ពេល៣ឆ្នាំគឺមានភ្លៀងខ្លាំងម្តង ខណៈពេលនេះទឹកហូរចូលតាមប្រព័ន្ធលូមិនទាន់ មានសំរាមទៅជាមួយលើការូឡាអញ្ចឹងហើយក៏មានទឹកហូរច្រោះបង្កឲ្យមានការបាក់ស្រុតដីតែម្ដង។

លោក ធូ ឃឿ អភិបាលក្រុងបានបញ្ជាក់ទៀតថា វិធានការចំពោះមុខឥឡូវបានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក្រោមការដឹកនាំរបស់អភិបាលខេត្តស្ដីទី មកចុះត្រួតពិនិត្យមើលនិងត្រូវបិទចរាចរណ៍ការធ្វើដំណើរជាបណ្ដោះអាសន្ននៅត្រង់ចំណុចនេះ។ហើយឲ្យប្រជាពលរដ្ឋចាកចេញជាបណ្ដោះអាសន្នសិនដើម្បីធ្វើការជួសជុលឡើងវិញ។

លោកថា នៅត្រង់ចំណុចដែលបាក់ស្រុតដីនេះ ទឹកហូរគ្រប់ទិសទីមកចូលកន្លែងនេះឲ្យតែមេឃភ្លៀងអញ្ចឹងហើយធ្វើឱ្យបាក់ដីតែម្ដង។ហើយក៏អរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានខំជួយស្ដារយកសំរាមចេញ ប៉ុន្តែជាអកុសលក៏បានបាក់ដីហើយអាជ្ញាធរក្រុងស្នើសុំឲ្យប្រជាពលរដ្ឋចាកចេញសិនរង់ចាំធ្វើការជួសជុលរួចរាល់ហើយទើបឲ្យពួកគាត់វិលត្រឡប់មកវិញ៕

Written by 

Related posts

Leave a Comment