ម៉ាក្រុង ចង់​ទាញ​ហ្គាហ្សាឲ្យចេញផុតពីកណ្ដាប់ដៃ ណេតាន់យ៉ាហ៊ូ

ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បានស្នើឲ្យមានការរៀបចំសម្ព័ន្ធអន្តរជាតិមួយ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាស្ថិរភាពស្ថានការណ៍នៅតំបន់ហ្គាហ្សាស្ទ្រីប។

ទីភ្នាក់ងារ AFP បានរាយការណ៍ថា គំនិតលោក ម៉ាក្រុង គឺសម្ព័ន្ធអន្តរជាតិក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិនេះគួរតែជាអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ធ្វើឱ្យតំបន់ហ្គាហ្សាមានស្ថេរភាព គាំទ្រប្រជាជនរបស់ខ្លួន និងបង្កើតប្រព័ន្ធអភិបាលកិច្ចដែលធានាសន្តិភាព និងស្ថិរភាព។

ទន្ទឹមនោះ លោក ​បាន​ចាត់ទុកផែនការ​របស់​អ៊ីស្រាអែល​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​យោធា​ និង​កាន់កាប់​ទឹកដី​នោះទាំងមូល​ថាជា​មហន្តរាយ។

លោក ម៉ាក្រុង បានលើកឡើងថា សេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលអំពីការពង្រីកប្រតិបត្តិការនៅហ្គាហ្សា និងជំរុំ Mawasi ក៏ដូចជាការកាន់កាប់ឡើងវិញណាមួយ ជាគ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក។ ចំណាប់ខ្មាំងអ៊ីស្រាអែល និងប្រជាជននៅតំបន់ហ្គាហ្សា នឹងបន្តក្លាយជាជនរងគ្រោះចម្បងនៃផែនការនេះ។

ទោះជាយ៉ាងណា ប្រជាជនអ៊ីស្រាអែល បានគាំទ្រផែនការលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដើម្បីគ្រប់គ្រងទឹកដីទាំងមូលនៃតំបន់ហ្គាហ្សា និងពង្រីកប្រតិបត្តិការនេះផងដែរ៕

ដោយ៖ ពេជ្រ             

Written by 

Related posts

Leave a Comment