កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០នឹងបង្កើនសំឡេងកម្ពុជានៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានបង្ហាញក្តីរំពឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០នឹងបង្កើនសំឡេងកម្ពុជានៅលើឆាកអន្តរជាតិ។

លោកបណ្ឌិតជាមុនីឫទ្ធិបានកត់សម្គាល់ឃើញថា តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាងលើកទី១០ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៤-១៥ ខែសីហា នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន វត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កម្ពុជា ។

សំឡេង៖ « ១-ទំនាក់ទំនងអន្តរជាតិ៖ បង្កើនសម្លេងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយក៏ជាឱកាសដែលកម្ពុជាបន្តគោលនយោបាយការទូតរបស់ខ្លួនជំរុញឱ្យបណ្តាប្រទេសតាមដងទន្លេមេគង្គរួមគ្នាជាសាក្សីលើការសន្យារវាងកម្ពុជានិងថៃក្នុងការប្រែក្លាយស្ថានភាពព្រំដែននាពេលបច្ចុប្បន្ន ជាខ្សែបន្ទាត់ព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ និងគោរពឱ្យបាននូវបូរណភាពដែនដីទៅវិញទៅមក ព្រមទាំងបន្តយន្តការនៃការរួបរួមកម្លាំងគ្នារវាងប្រជាជាតិទាំង៦តាមដងទន្លេមេគង្គ-ឡានឆាងឱ្យក្លាយជាសហគមន៍រួមវាសនាដោយមានការអភិវឌ្ឍប្រកបដោយចីរភាព។

២-ការកសាងហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជាក៏រំពឹងទុកពីការពិភាក្សាលើគម្រោងអនុវត្តជាក់ស្តែង ដូចជាការកសាងស្ពាន ផ្លូវ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្របន្ថែមទៀតនៅតាមដងទន្លេមេគង្គក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

៣-យន្តការសហប្រតិបត្តិការកម្រិតតំបន់ដែលមានប្រសិទ្ធភាព៖ កិច្ចប្រជុំនេះនឹងពង្រឹងទំនាក់ទំនងកម្ពុជានិងចិននិយាយដោយឡែក កម្ពុជានិងបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាងនិយាយរួមក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមឆ្នាំ២០២៣ ដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង និងសន្តិសុខឆ្លងព្រំដែនជាដើម។»

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥បានឱ្យដឹង ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងទទួល ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសផ្សេងៗទៀត ដើម្បីធ្វើឲ្យកាន់តែ ស៊ីជម្រៅនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ៕

Written by 

Related posts

Leave a Comment