ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បានស្នើឲ្យមានការរៀបចំសម្ព័ន្ធអន្តរជាតិមួយ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាស្ថិរភាពស្ថានការណ៍នៅតំបន់ហ្គាហ្សាស្ទ្រីប។

ទីភ្នាក់ងារ AFP បានរាយការណ៍ថា គំនិតលោក ម៉ាក្រុង គឺសម្ព័ន្ធអន្តរជាតិក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិនេះគួរតែជាអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ធ្វើឱ្យតំបន់ហ្គាហ្សាមានស្ថេរភាព គាំទ្រប្រជាជនរបស់ខ្លួន និងបង្កើតប្រព័ន្ធអភិបាលកិច្ចដែលធានាសន្តិភាព និងស្ថិរភាព។
ទន្ទឹមនោះ លោក បានចាត់ទុកផែនការរបស់អ៊ីស្រាអែលក្នុងការពង្រីកប្រតិបត្តិការយោធា និងកាន់កាប់ទឹកដីនោះទាំងមូលថាជាមហន្តរាយ។

លោក ម៉ាក្រុង បានលើកឡើងថា សេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលអំពីការពង្រីកប្រតិបត្តិការនៅហ្គាហ្សា និងជំរុំ Mawasi ក៏ដូចជាការកាន់កាប់ឡើងវិញណាមួយ ជាគ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក។ ចំណាប់ខ្មាំងអ៊ីស្រាអែល និងប្រជាជននៅតំបន់ហ្គាហ្សា នឹងបន្តក្លាយជាជនរងគ្រោះចម្បងនៃផែនការនេះ។
ទោះជាយ៉ាងណា ប្រជាជនអ៊ីស្រាអែល បានគាំទ្រផែនការលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដើម្បីគ្រប់គ្រងទឹកដីទាំងមូលនៃតំបន់ហ្គាហ្សា និងពង្រីកប្រតិបត្តិការនេះផងដែរ៕

ដោយ៖ ពេជ្រ