ក្រុមហេសបូឡា សង្ឃឹមលើរដ្ឋាភិបាលថ្មីស៊ីរី ថានឹងអាចទប់ទល់អ៊ីស្រាអែលបាន

ចលនាហេសបូឡាលីបង់ បានថ្កោលទោសការកាន់កាប់ដីស៊ីរីដោយអ៊ីស្រាអែល និងការវាយប្រហារលើទ្រព្យសម្បត្តិការពាររបស់ប្រទេស ដោយបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីនៃទីក្រុង Damascus នឹងមានលទ្ធភាពទប់ទល់ការឈ្លានពានពីសំណាក់កងកម្លាំង IDF ។

ក្រុមនេះ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលលើបណ្តាញ Telegram ថា ការកាន់កាប់របស់អង្គភាពអ៊ីស្រាអែល លើទឹកដីស៊ីរីដ៏ធំ និងការវាយប្រហារលើសក្តានុពលយោធាគឺជាការឈ្លានពានដ៏គ្រោះថ្នាក់ដែលសមនឹងទទួលការថ្កោលទោស ។ យើងសង្ឃឹមថា ស៊ីរី ដោយផ្អែកលើឆន្ទៈរបស់ប្រជាជន នឹងលេចចេញជារូបរាងឡើងវិញ ដែលមានសមត្ថភាពទប់ទល់នឹងការកាន់កាប់របស់អ៊ីស្រាអែល និងការពារការប៉ុនប៉ងបរទេស ដើម្បីធ្វើអន្តរាគមន៍ក្នុងកិច្ចការក្នុងស្រុក។

ទន្ទឹមនោះ យោងតាមប៉ុស្តិ៍ទូរទស្សន៍ N12 របស់អ៊ីស្រាអែល បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល ៣៥០ គ្រឿងវាយប្រហារទីតាំងយុទ្ធសាស្ត្រចំនួន ៣២៩ នៅស៊ីរី។

ប៉ុស្តិ៍ទូរទស្សន៍ដដែល បន្ថែមថា រហូតដល់ទៅ ៨០ ភាគរយនៃកងទ័ពលោក Assad រួមទាំងយន្តហោះចម្បាំង ប្រព័ន្ធការពារដែនអាកាស នាវាចម្បាំង កន្លែងផលិត និងក្រោមដី ឃ្លាំងផ្ទុកអាវុធ កាំជ្រួចមីស៊ីល និងរថក្រោះត្រូវបានបំផ្លាញ។

គួរបញ្ឋាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា សមាជិកនៃក្រុមប្រឆាំងប្រដាប់អាវុធ បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងរបស់កងកម្លាំងរដ្ឋាភិបាលនៅទីក្រុងអាឡិបប៉ូ និងអភិបាលខេត្តអ៊ីដលីប ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment