រសៀលថ្ងៃទី ២៤ ខែកក្កដា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិន រួមជាមួយលោក António Luís Santos da Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyenប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប បានអញ្ជើញជាសហអធិបតីក្នុងកិច្ចជំនួបថ្នាក់ដឹកនាំចិននិងសហភាពអឺរ៉ុបលើកទី២៥ ។
លោក Li Qiang បានថ្លែងថា ចាប់តាំងពីចិននិងអឺរ៉ុបបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៥០ឆ្នាំមក ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍដោយស្ថិរភាពជាទូទៅ និងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ ចិននិងអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ គ្មានវិវាទប៉ះពាល់ដល់ផលប្រយោជន៍ជាមូលដ្ឋាននោះទេ ។ ចិនរីករាយរួមសហការជាមួយអឺរ៉ុប ដើម្បីជំរុញការលើកកម្ពស់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពង្រឹងកិច្ចសហប្រតិបតិ្តការក្នុងវិស័យប្រពៃណី ដូចជាពាណិជ្ជកម្មនិងបណ្តាក់ទុនជាដើម ព្រមទាំងត្រួសត្រាយយ៉ាងសកម្មនូវកិច្ចសហប្រតិបតិ្តការក្នុងវិស័យងើបឡើងថ្មី ដូចជាបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍបៃតងជាដើម ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើន ។
ថ្លែងក្នុងសុន្ទរកថា លោក António Luís Santos da Costa និងលោកស្រី Ursula von der Leyenបានលើកឡើងថា អឺរ៉ុបបាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូជាមួយចិនដែលមានភាពកាន់តែស៊ីជម្រៅ និងស្ថិរភាពក្នុងរយៈពេលយូរ អឺរ៉ុបរីករាយបង្កើនកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយចិន ក្នុងន័យបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ដោះស្រាយកង្វល់រៀងៗខ្លួនដោយសមរម្យ ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងបណ្តាក់ទុនជាដើម ដើម្បីរួមគ្នាគាំពារឱ្យបានល្អនូវស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជាជំរុញការអភិវឌ្ឍរៀងៗខ្លួន ។
បន្ទាប់ពីកិច្ចជំនួប ភាគីទាំងពីរចិននិងអឺរ៉ុបបានរួមគ្នាចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរបស់អ្នកដឹកនាំចិននិងអឺរ៉ុបអំពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ » ៕
