​អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា ចិនដើរតួនាទីសំខាន់ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា ចិនដើរតួនាទីសំខាន់ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ខណៈដែលវិស័យនេះ បានចូលរួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ច និងបានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋជាច្រើនសែននាក់ ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុមិត្ភភាពកម្ពុជាចិនកាលពីរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មិត្ដភាពទំនាក់ទំងកម្ពុជា ចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ ដែលបច្ចុប្បន្នកិច្ចសហប្រតិបត្ដិការឡើងដល់កម្រិតកំពូល គឺត្បូងពេជ្រ ។ ដោយប្រទេសចិនជាប្រទេសមហាអំណាចទី២ លើពិភពលោក។ ដូច្នេះ វត្ដមានរបស់ចិនគឺសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើឆ្នាំ២០២៥នេះ ក្រុមហ៊ុនចិនបានបោះទុនវិនិយោគប្រមាណជាង៣,២ពាន់លានដុល្លារអាមេរិក  ស្មើនឹង៥៦,២៣ភាគរយនៃការបោះទុកវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបន្ថែមថា តាមតួលេខនេះបង្ហាញឱ្យឃើញច្បាស់ថា ចិនបានផ្ដល់ភាពសំខាន់មកដល់កម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្ដិការដ៏ល្អជាមួយជាមិត្ដភ័ក្រដ៏ល្អរបស់ខ្លួន ដើម្បីជួយជ្រុំជ្រែងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេស បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស៊ីជម្រៅមិនថា ប្រជាជន និងប្រជាជន ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ អ្នកវិនិយោគ និងអ្នកវិនិយោគ ដែលនេះបង្ហាញអំពីប្រទេសចិនបានដើរតួនាទីយ៉ាងមានសារសំខាន់នៃវត្ដមានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាស្ទើគ្រប់វិស័យ។

ឯកឧត្តមរំពឹងថា រដ្ឋាភិបាលចិន នឹងបន្ដជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយសេវា ផ្ដល់ភាពអនុគ្រោះ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសជាច្រើន ដើម្បីបង្ករលក្ខណៈងាយស្រួល និងផ្ដល់ភាពចំណេញកាន់តែច្រើនដល់អ្នកវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេល២២ខែ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរោងចក្រសហគ្រាស មានការកើនឡើងផងដែរ៕

Written by 

Related posts

Leave a Comment