បន្ទាយមានជ័យ៖នៅវេលាម៉ោងប្រហែល២១និង៤០នាទីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះភួងសុខហាងភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិទួលពង្រសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះឈ្មោះគុំធៀនភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះជួលក្នុងភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខណៈពេលដែលជនរងគ្រោះកំពុងឈរលេងជាមួយនឹងកូនស្រីនៅចំណុចមុខបុរីមានជ័យស្ថិតក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតហេីយបានស្រែកឱ្យប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។

លោកវរសេនីយ៍ត្រីនួននីណារ៉ូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថាក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោព្រហ្មថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថាការបង្ក្រាបករណីខាងលើនេះ ដោយ មានការសម្របសម្រួលនីតិវិធីពី លោក កើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥នេះដើម្បីអនុវត្តតាមនីតិវិធី។ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕


