ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ជូនអាវុធកំពូលៗ ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈបណ្តាប្រទេសណាតូ ហើយគំរាមរុស្ស៊ី ជាមួយនឹងពន្ធដ៏ធ្ងន់ធ្ងរ ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមិនសម្រេចក្នុងរយៈពេល ៥០ ថ្ងៃ នោះទេ។

លោក ត្រាំ បាននិយាយ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានអង្គការណាតូលោក Mark Rutte នៅវ៉ាស៊ីនតោនថា យើងចង់ធ្វើឱ្យប្រាកដថាអ៊ុយក្រែន អាចប្រើប្រាស់អាវុធ និងធ្វើអ្វីដែលខ្លួនចង់ធ្វើ។
ទន្ទឹមនោះ លោក Rutte បានបញ្ជាក់ថា អាមេរិក សម្រេចចិត្តផ្គត់ផ្គង់អ៊ុយក្រែនយ៉ាងច្រើននូវអ្វីដែលចាំបាច់តាមរយៈណាតូ ។
លោក ត្រាំ បានកត់សម្គាល់ថា អាមេរិក នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ទីក្រុងគៀវ ដើម្បីទប់ទល់ការវាយប្រហារតាមអាកាសដ៏សាហាវរបស់រុស្ស៊ី ។
ទោះជាយ៉ាងណា ទាំងលោក Rutte និងលោក ត្រាំ មិនបានបញ្ជាក់លម្អិតអំពីចំនួនសព្វាវុធដែលនឹងត្រូវបញ្ជូនទៅទីក្រុងគៀវនោះទេ។ ប៉ុន្តែលោក Rutte បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមានមីស៊ីល ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវ ។
គួរបញ្ជាក់ថា លោក ត្រាំ ចាប់ផ្ដើមមិនសប្បាយចិត្តនឹងលោក ពូទីន បន្ទាប់ពីការបដិសេធ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការស្វែងរកសន្តិភាពនៅអ៊ុយក្រែន កន្លងមក៕

ដោយ៖ ពេជ្រ