ខេត្តកំពត៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍” នៅសណ្ឋាគារភាពសុខុម ខេត្តកំពត។
សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ១). ដើម្បីកាត់បន្ថយ ឬទប់ស្កាត់នូវភាពអវិជ្ជមានដែលបានប៉ះពាល់ដល់ធនធានមនុស្ស ២). ផ្សព្វផ្សាយចំណេះដឹងការចរាចរគ្រឿងញៀន ដែលត្រូវបានលួចបង្កប់តាមបញ្ញើប្រៃសណីយ៍ ៣). ចែករំលែកបទពិសោធក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន និងបញ្ហាអេដស៍ ដើម្បីការពារខ្លួនក៏ដូចជាមានវិធានការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាយល់អំពីលទ្ធផលនៃការខ្ជីខ្ជា ឬមើលស្រាលជំងឺអេដស៍៕






