UN បានបញ្ចេញឯកសារដោយបង្ហាញថា ថៃជាប្រទេសដំបូងគេក្នុងតំបន់ដែលរឹបអូសគ្រឿងញៀនជាង១០០តោន ហើយប្រទេសមួយនេះគឺជាច្រកផ្លូវឆ្លងកាត់ និងចំណុចគោលដៅដ៏សំខាន់មួយ សម្រាប់ចែកចាយគ្រឿងញៀនដ៏ធំចេញពីតំបន់ត្រីកោណមាស។

ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNODC បានឱ្យដឹងថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញពីតំបន់ត្រីកោណមាស។

នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលចុងខែឧសភា ឆ្នាំ២០២៥ UNODC បាននិយាយថា គ្រឿងញៀនប្រភេទ methamphetamine ២៣៦តោនត្រូវបានរឹបអូសកាលពី ឆ្នាំ២០២៤ នៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ពោលគឺចំនួនកើនឡើង២៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ បើតាម UNODC ថៃ បានក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានរឹបអូសគ្រឿងញៀន methamphetamine ជាង ១០០តោនកាលពីឆ្នាំ២០២៤៕

