ស្វាយជ្រំ÷ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងល្បាតចល័ត នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានចល័តល្បាត ដល់ឃុំស្វាយធំ បានឃើញក្មេងទំនើង១នាក់ជិះម៉ូតូបំពង់សំលេងសុីមាំងលឺនៅចំណុចភូមិស្វាយចេក ឃុំស្វាយធំ ភ្លាមនោះក៏បានបញ្ជាទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ ធ្វើការបង្ក្រាប និងឃាត់ខ្លួនចំនួន ០៤នាក់ ប្រុស ដែលបានធ្លាប់ធ្វើសកម្មភាពបង្កការអុកឡុក បង្ហោះម៉ូតូ នៅក្នុងមូលដ្ឋានឃុំស្វាយធំ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។

ក្រោយបានពីបានស្តាប់ចម្លើយសារភាពរបស់ក្មេងទំនើងទាំង៤នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និង បានសុំ យោបល់ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងបានអនុញ្ញាតិអោយសមត្ថកិច្ចយើងធ្វើការអប់រំនិងអោយឪពុកម្តាយធ្វើលិខិតធានាយកកូនៗទៅផ្ទះវិញដើម្បីអប់រំបន្តកុំអោយធ្វើអ្វីខុសនិងច្បាប់ទៀត។
បច្ចុប្បន្ន: ក្រុមក្មេងទំនើងទាំង០៤នាក់ បានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលយកទៅអប់រំបន្ត ចំណែកម៉ូតូទាំង ០២គ្រឿង ត្រូវបានដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រយ:ពេល ០៣ខែ៕



