បន្ទាយមានជ័យ៖តាមរយៈនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយព្រះមន្ត្រីសង្ឃ ស្រុកមង្គលបូរីបានរៀបចំពិធី ប្រគល់ភារៈកិច្ច តែតាំង ព្រះភិក្ខុ ស៊ាន ឆវ័ន្ត ព្រះជន្ម២៦ព្រះវស្សា ងាដើមជាព្រះចៅអធិការវត្តស្តីទី ឲ្យឡើងជាព្រះចៅអធិការវត្តពេញសិទ្ធ ស្ថិតនៅ វត្តបុទុមបារមីយារាម គោកសំរោង ក្នុងឃុំសឿ ស្រុកមង្គលបូរី ជាអ្នករម្ងាប់អធិករណ៍ និងសហការគ្រប់គ្រង គរុភ័ណសង្ឃ មានដីធ្លីវត្តអារាម អប់រំពុទ្ធសាសនិកជន ឲ្យរៀនសូត្របដិបត្តិធម៌វិន័យមាន បិដកជាគោល។

ព្រះមុនីររក្ខិតរង្សី សៀង សុង ព្រះអនុគណស្រុកមង្គលបូរី និងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានមាន សង្ឃដីកានិងប្រសាសន៍ថា ក្នុងនាមជា គណសង្ឃវត្ត ត្រូវប្រកាន់ខ្ជាប់ គោលជំហរ បើកបេះដូង ឲ្យបានទូលំទូលាយសាមគ្គីភាពផ្ទៃក្នុងរួមសហការគ្នារវាងព្រះសង្ឃនិងអាចារ្យគណៈកម្មការឱ្យបានស្អិតរមួត មុននឹងកសាងអ្វីមួយក្នុងវត្តគឺត្រូវពិភាក្សាគ្នាឲ្យបានល្អិតល្អន់បញ្ចៀសនូវអធិករណ៍កើតឡើង។

ជាចុងក្រោយ លោក បៀវ ថានបានបញ្ជាក់បន្ថែមទៀតថា ក្រសួង សាសនា បានដាក់ចេញនូវអភិក្រមស៣ សម្រាប់គ្រប់វត្តអារាមទូទាំងប្រទេសអនុវត្តនោះគឺ សទី១ វត្តស្អាតបរិស្ថានស្អាត អនាម័យល្អ សំណង់មានរបៀបរៀបរយ ជារមណីយដ្ឋានសាសនា ជាបុញ្ញខេត្ត សម្រាប់ពុទ្ធបរិស័ទ។ សទី២ វត្តស្វាង ជាកន្លែងផ្តល់នូវចំណេះដឹង តាមរយៈការអប់រំនិងជាកន្លែង ដុសខាត់ចិត្តនិស្ស័យបណ្ដុះបញ្ញាស្មារតី ឲ្យស្គាល់គុណធម៌សីលធម៌ សុជីវធម៌ ចូលមក ងងឹតត្រឡប់ទៅវិញភ្លឺ។ សទី៣ វត្តស្ងប់ ជាកន្លែងគ្មាន អធិករណ៍ គ្មានជម្លោះជាកន្លែងធ្វើសមាធិកម្មដ្ឋានហ្វឹកហាត់អប់រំចិត្តបន្ទោបង់នូវ កិលេស ធ្វើចិត្ដស្ងប់ ប្រាសចាកគ្រឿង ពន្ធកិច្ចនានាដែលជា គ្រឿងជាប់ជំពាក់។

តាមរយៈអភិក្រម ស៣ ដែលក្រសួងធម្មការនិងសាសនាបានដាក់ចេញនេះ សង្ឃឹមថា គ្រប់វត្តអារាមទាំងអស់នឹងខិតខំចូលរួមអនុវត្តបន្ថែមទៀត ដើម្បីទទួលបាននូវចំណេះដឹង ព្រមទាំងបង្កើននូវវិធីសាស្ត្រនិងយន្តការថ្មី២ សម្រាប់បង្កើននូវប្រសិទ្ធភាព នៃការដឹកនាំការគ្រប់គ្រង វិស័យព្រះពុទ្ធសាសនានៅកម្ពុជា លេីកកម្ពស់ស្មារតី នៃការពង្រឹងនិងពង្រីក សាមគ្គីធម៌ការអភិវឌ្ឍសមត្ថភាព និងសហភាពជាគំរូ និងការអប់រំសីលធម៌ដើម្បីកសាងឲ្យបាននូវមូលធនមនុស្សសុខដុមរមនាសង្គម សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព ផ្អែកលើទ្រឹស្ដីអប់រំ របស់ព្រះពុទ្ធសាសនា៕




