គណបក្សប្រឆាំងដ៏មានសក្ដានុពលរបស់កូរ៉េខាងត្បូងគឺគណបក្សប្រជាធិបតេយ្យ បានទាមទារឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង បន្ទាប់ពីការសម្រេចចិត្តក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ ។
គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងអាសនៈ ១៧០ ក្នុងសភា ៣០០ អាសនៈ បានគំរាមចោទប្រកាន់លោកប្រធានាធិបតី បើមិនចុះចេញពីតំណែងទេ។
យោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង បានចែងថា ចលនាចោទប្រកាន់ប្រធានាធិបតី នឹងត្រូវការការគាំទ្រពីសមាជិកសភាពីរភាគបី ខណ គណបក្សកាន់អំណាចគ្រប់គ្រងប្រហែលមួយភាគបីនៃអាសនៈ។
សភារបស់ប្រទេសនេះ បានបោះឆ្នោត កាលពីល្ងាចថ្ងៃអង្គារ ដើម្បីលុបចោលច្បាប់អាជ្ញាសឹកដែលដាក់ដោយប្រធានាធិបតីមុនថ្ងៃនោះជាលើកដំបូងក្នុងរយៈពេល ៤៥ ឆ្នាំ ។ ច្បាប់អាជ្ញាសឹក ចូលជាធរមានប្រហែល ៦ ម៉ោងប៉ុណ្ណោះ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃអង្គារ បានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ដោយលើកឡើងថា លោក ដាក់ចេញច្បាប់នេះ ដោយសារតែគណបក្សប្រឆាំងដែលមានសំឡេងភាគច្រើននៅក្នុងសភាធ្វើឱ្យការងាររបស់ស្ថាប័នប្រតិបត្តិអំណាចដោយការប៉ុនប៉ងចោទប្រកាន់នាយកប្រតិបត្តិខ្លួន រួមទាំងឥស្សរជនសំខាន់ៗនៅក្នុងរដ្ឋាភិបាលផងដែរ។
យោងតាម លោកប្រធានាធិបតី បានបញ្ជាក់ថា លោក ណែនាំវិធានការនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងចលនាដែលគាំទ្រកូរ៉េខាងជើង និងការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា ក្រោយការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ មានការខឹងសម្បារពីសំណាក់ពលរដ្ឋមួយចំនួន ដែលសម្រុកចូលទៅរដ្ឋសភាតវ៉ា ឲ្យលុបចោលច្បាប់នេះ៕
ដោយ៖ ពេជ្រ