ក្រុម Hezbollah មូស្លីមស៊ីអ៊ីត បានបាញ់រ៉ុក្កែត ទៅកាន់ទីតាំងយោធាអ៊ីស្រាអែលក្នុងតំបន់ព្រំដែនមួយ កាលពីថ្ងៃចន្ទ និងជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីសប្តាហ៍មុន។ ប៉ុន្តែក្រុមHezbollah បានលើកទ្បើងថា នោះគឺជាការបាញ់ព្រមានមួយ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលហៅថា ការរំលោភបទឈប់បាញ់ម្តងហើយម្តងទៀតដោយអ៊ីស្រាអែល ខណដែលកងកម្លាំងអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសលើប្រទេសលីបង់ដោយនិយាយថាក្រុមហេសបូឡាហ៍បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។
ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទនៅភាគខាងត្បូងប្រទេស។ ប្រធានសភាលីបង់ លោក Nabih Berri បានបញ្ជាក់ថា ការបំពាននិងការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយអ៊ីស្រាអែល មានលើសពី ៥០ ឯណោះ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលមិនបំពានលើការយោគយល់បទឈប់បាញ់នោះទេ ប៉ុន្តែកំពុងពង្រឹងពួកគេជាការឆ្លើយតបទៅនឹងការរំលោភរបស់ពួក Hezbollah ដែលទាមទារឱ្យមានសកម្មភាពជាបន្ទាន់។
យ៉ាងណាក៏ដោយ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា បទឈប់បាញ់នឹងមិនអាចរក្សាបាន ខណៈដែលអ៊ីស្រាអែលទំនងជានឹងឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចុងក្រោយដោយក្រុមហេសបូឡា៕
ដោយ៖ ពេជ្រ