ខេត្តរតនគិរី÷ លោក ឈុំ ឈឿន អាយុ៦៧ឆ្នាំ មានចម្ការម្រេចនៅភូមិសឹក ឃុំតឺន ស្រុកកូនមុំ បានរៀបរាប់ថា លោកបានប្រកបមុខរបរដាំម្រេច នេះជាច្រើនឆ្នាំមកហើយ តាំងពីឆ្នាំ២០១៧មកម្លេះ ការដាំដុះម្រេចចំណាយថវិការអស់ច្រើន ទម្រាំបានផលមកវិញ ក្នុងនោះយើងបានថែទាំនិងស្រោចទឹកវា ២ថ្ងៃគឺស្រោចម្តង។

ការថែទាំចម្ការម្រេចនេះយកស្បៃមកហ៊ុំព័ន្ធជុំវិញ ដើម្បីការពារកម្តៅថ្ងៃជះទៅលើដើមម្រេចវាឆាប់ងាប់ កាលពីឆ្នាំ២០២៤ លោកហ៊ុំព័ទ្ធស្បៃមិនទាន់ក៏ងាប់ដើមម្រេចអស់ជាច្រើន ហើយនៅឆ្នាំ២០២៥នេះដែរ ក៏ងាប់ដើមម្រេចចំនួន៧០០ជន្លង់ម្រេចផងដែរ។
លោក ឈុំ ឈឿន បានបញ្ជាក់ថា លោកបានដាំម្រេចក្នុងផ្ទៃដីទំហំជាង១ហិកតា ប៉ុន្តែក្នុង១ហិកតា ដាំម្រេចបាន ២៥០០ជន្លង់(ម្រេចខ្មែរ)ចំណែកពូជម្រេចម៉ាឡេវិញ ដាំបានជាង១ពាន់ជន្លង់ ក្នុងផ្ទៃដី១ហិកតាដូចគ្នា សរុបជន្លង់ម្រេច៣៤០០ជន្លង់។

តម្លៃទីផ្សារម្រេចកាលពីឆ្នាំ២០២៤ ក្នុង១គីឡូក្រាម តម្លៃ ១៥០០០រៀល ខណៈឆ្នាំកន្លងទៅបានប្រមូលផលចំនួន៤តោន។ហើយនៅដើមឆ្នាំ២០២៥នេះ ម្រេចក្នុង១គីឡូក្រាម តម្លៃ ២៥០០០រៀល។
ទាក់ទងបញ្ហាខាងលើនេះ លោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី២១ឧសភា ថា ផ្ទៃដីដាំដុះម្រេចមានចំនួន៥២៤ហិកតា ក្នុងនោះប្រមូលផលមានចំនួន៥២១ហិកតា បរិមាណផលចំនួន១.១៣១តោន។
លោកថា តម្លៃម្រេចក្នុង១គីឡូក្រាម ២៣៥០០រៀល បើប្រៀបធៀបទៅនិងឆ្នាំមុន ប្រហាក់ប្រហែលនិងគ្នា៕


