«ពិតណាស់ យើងខកចិត្តកាលជើងទី១ពេលចាញ់ ១-០ មុនប្រកួតជើងទី២។ យើងបានបង្កើតឱកាសរហូតដល់ ៧លើក ហើយជឿថា យើងគួរទទួលបានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រផងដែរ។ ប៉ុន្តែ នេះគឺបាល់ទាត់។ ពេលខ្លះយើងត្រូវតែទទួលទំនុកចិត្តពីការលេងកាលជើងទី១ ដើម្បីជាការជំរុញទឹកចិត្តមួយយកឈ្នះនៅថ្ងៃទី១៤ ខែឧសភានេះ»។ នេះជាការថ្លែងរបស់ គ្រូបង្គោលក្រុមបឹងកេត លោក Conor Nestor មុនពេល បឹងកេត ទៅសួរសុខទុក្ខព្រះខ័នរាជស្វាយរៀងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាលឆ្នាំ២០២៤/២៥ នៅកីឡដ្ឋានខេត្តស្វាយរៀងចាប់ពីម៉ោង ៦ ល្ងាចនេះតទៅ។
គ្រូបង្គោលសញ្ជាតិអៀរឡង់ បញ្ជាក់បន្ថែមអំពីក្រុមស្វាយរៀងបែបនេះ ៖«ស្វាយរៀងចូលចិត្តលេងគ្រប់គ្រងការប្រកួតភាគច្រើន។ ពួកគេលេងស្អិតនឹងបាល់ ចំពោះការគ្រប់គ្រងបាល់ ហើយក៏ដូចជាការបង្កើតឱកាស ដែលយើងត្រូវតែគោរពពួកគេ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ពួកយើងអត់មានសំណាងក្នុង ៣ប្រកួតចុងក្រោយរបស់ពួកយើង។ បើសិនយើងធ្វើបានល្អដូចកម្រិតប្រហាក់ប្រហែលគ្នា ខ្ញុំជឿថាសំណាងរបស់យើងនឹងប្រែប្រួល»។
លោកជឿជាក់ថា ក្រុមទាំងពីរនឹងផ្ដល់អ្វីគ្រប់យ៉ាងដើម្បីឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ។ លោកសង្កត់ធ្ងន់បែបនេះ៖«ខ្ញុំសង្ឃឹមថាអ្នកគាំទ្រទាំងពីរក្រុមនឹងមកទស្សនាឱ្យច្រើនកុះករ និងធ្វើឱ្យការប្រកួតនេះក្លាយជាការចងចាំមួយ។ ហើយខ្ញុំដឹងថាក្រុមទាំងពីរនឹងធ្វើឱ្យបរិកាសរីករាយ»។
ទន្ទឹមគ្នានោះគ្រូបង្គោលដែលមានកាន់សញ្ញាបត្របង្វឹកបាល់ទាត់ UEFA A License បានបញ្ចេញទស្សនៈទាក់ទងនឹងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League បែបនេះ ៖«ខ្ញុំគិតថាស្វាយរៀងច្បាស់ណាស់ល្អប្រសើរជាងក្រុមមកពីតួកមេនីស្ថាន។ ប៉ុន្តែបាល់ទាត់គឺបែបនេះ។ តាមរយៈការប្រកួតនេះ ខ្ញុំសង្ឃឹមថា មានអ្នកគាំទ្រច្រើនទៀតតាមដានលីគ និង ពានសម្ដេចផងដែរ»។
គួរដឹងថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ខាងមុខ។ ភ្នំពេញក្រោន ជាក្រុមឡើងចាំមុន បន្ទាប់ពីយកឈ្នះ វិសាខា ៣-២ ក្នុងគ្រាប់បាល់សរុបទាំងពីរជើង៕ដកស្រង់ពីផេក៖ Hun Sen Cup
