ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ត្រូវទទួលក្រុម បឹងកេត នាថ្ងៃទី ១៤ ខែ ឧសភា វេលាម៉ោង ៦ ល្ងាចនេះនៅកីឡដ្ឋានខេត្តស្វាយរៀងក្នុងការប្រកួតជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
គ្រូបង្គោលស្វាយរៀងលោក Pep Muñoz បានលើកឡើងថា៖«ក្រោមការដឹកនាំរបស់លោក Conor Nestor បឹងកេតប្រើប្រាស់យុទ្ធសាស្ត្រខុសប្លែកច្រើន ពេលពួកគេលេងទល់នឹងពួកយើង។ ពួកគេមានក្រុមមួយដ៏មានគុណភាពក្នុងការប្រើយុទ្ធសាស្ត្រផ្សេងៗគ្នា។ យើងបានដឹងថា ពួកយើងត្រូវតែធ្វើឱ្យបានល្អបំផុតក្នុងការគ្រប់គ្រងបាល់ ដើម្បីកុំឱ្យពួកគេមានឱកាសវាយបកបាន។ យើងមិនគិតអំពីលទ្ធផល ១-០ ក្នុងដៃទេ ។ គោលដៅរបស់យើង គឺឈ្នះការប្រកួតនេះ»។
គ្រូបង្គោលដដែលនេះទទូចឱ្យអ្នកគាំទ្រមកទស្សនាឱ្យបានច្រើនកុះករ ព្រោះវាជាឱកាសធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តជាថ្មី បន្ទាប់ពីខកចិត្តនៅវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ថ្មីៗនេះ។ អ្នកគាំទ្រមកគ្រាំទ្រយ៉ាងច្រើនលើសលប់កាលពីថ្ងៃសៅរ៍កន្លងទៅ ហើយស្វាយរៀងចង់ផ្ដល់ភាពរីករាយត្រលប់ទៅវិញចំពោះការគាំទ្រមិនអាចកាត់ថ្លៃបាននេះ។
គ្រូបង្វឹកកាន់សញ្ញាបត្របណ្ដុះបណ្ដាលបាល់ទាត់កម្រិត UEFA Pro License បង្ហាញទស្សនៈកាលជើងទី១ថា ៖«បឹងកេតលេងបានយ៉ាងល្អនៅជើងទី១ ហើយគិតថាពួកគេមិនផ្លាស់ប្ដូរច្រើនពេកទេ។ យើងដឹងតិចតួចអំពីអ្វីដែលពួកគេត្រូវធ្វើនិងកីឡាករត្រូវលេង។ ចំណែកពួកយើងទើបតែប្រើប្រាស់កម្លាំងខ្លាំងក្នុងការប្រកួត ១២០ នាទីកាលពីថ្ងៃសៅរ៍។ ប៉ុន្តែ យើងនឹងធ្វើឱ្យការប្រកួតមានភាពស្រស់ស្រាយ»។
គ្រូបង្វឹកវ័យ ៤៥ឆ្នាំបន្ថែមថា ជាដំបូងលោកបានបានស្ដារកម្លាំងកីឡាករមកវិញក៏ដូចជាជជែកគ្នាច្រើនអំពីអារម្មណ៍បន្ទាប់ពីការប្រកួតនោះ។ «វាជាអារម្មណ៍មួយគួរឱ្យអាណិត ប៉ុន្តែ យើងមានមោទកភាពចំពោះអ្វីដែលបានធ្វើ និងវិធីដែលយើងបានធ្វើវា។ ឥលូវយើងមានឱកាសឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មី ហើយយើងនឹងផ្ដល់អ្វីៗគ្រប់យ៉ាង។ ផែនការ គឺ ឈ្នះ Super Cup, លីគកំពូល និងពានសម្ដេចតេជោក្នុងរដូវកាលតែមួយ។ នោះវាអាចជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់បាល់ទាត់កម្ពុជា។ នោះហើយជាការជំរុញទឹកចិត្តរបស់ពួកយើង»។
គួរដឹងថា ភ្នំពេញក្រោនបានឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចជាថ្មីម្ដងទៀត បន្ទាប់ពីយកឈ្នះ វិសខាក្នុងគ្រាប់បាល់សរុប ៣-២ កាលថ្ងៃទី ៧ ឧសភា កន្លងទៅ។ តើស្វាយរៀង ឬ បឹងកេត ឡើងវគ្គផ្ដាច់ព្រ័ត្រជួប ភ្នំពេញក្រោន?៕ ដកស្រង់ពីផេក៖ Hun Sen Cup
